9. គឺតទល់នឹងព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ ព្រះបាទធីដាលជាស្ដេចស្រុកកូយីម ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ និងព្រះបាទអើរយ៉ុកជាស្ដេចស្រុកអេឡាសារ គឺស្ដេចបួនអង្គតទល់នឹងស្ដេចប្រាំអង្គ។
10. នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្ដេចក្រុងសូដុម និងស្ដេចក្រុងកូម៉ូរ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្ដេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។
11. រីឯស្ដេចដែលច្បាំងឈ្នះ បាននាំគ្នារឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។
12. គេក៏នាំលោកឡុតជាក្មួយលោកអាប់រ៉ាម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ លោកឡុតរស់នៅក្នុងក្រុងសូដុម។
13. មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបលោកអាប់រ៉ាម ជាជនជាតិហេប្រឺ។ លោកអាប់រ៉ាមតាំងទីលំនៅនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ។ លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់លោកអែសកុល និងលោកអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់លោកអាប់រ៉ាម។
14. កាលលោកអាប់រ៉ាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្ដាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្ដេចទាំងនោះហូតទៅដល់ក្រុងដាន់។
15. លោកបានចែកកងទ័ពរបស់លោកជាក្រុមៗ រួចវាយស្ដេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្ដេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
16. លោកយកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំលោកឡុតជាបងប្អូនរបស់លោក ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
17. ក្រោយពេលដែលលោកអាប់រ៉ាមត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងស្ដេចទាំងប៉ុន្មានដែលនៅជាមួយ ស្ដេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំហ្លួង។
18. ព្រះបាទម៉ិលគីស្សាដែកជាមហាក្សត្រនៅក្រុងសាឡឹម បានឲ្យគេយកនំប៉័ង និងស្រាទំពាំងបាយជូរមកជូនលោកអាប់រ៉ាម។ ស្ដេចជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
19. ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖«សូមព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលបានបង្កើតផ្ទៃមេឃ និងផែនដីប្រទានពរដល់លោកអាប់រ៉ាម
20. សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយមកក្នុងកណ្ដាប់ដៃរបស់លោក!»។លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់។
21. ស្ដេចក្រុងសូដុមមានរាជឱង្ការទៅកាន់លោកអាប់រ៉ាមថា៖ «សូមលោកប្រគល់ប្រជាជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់លោកទៅ»។
22. លោកអាប់រ៉ាមទូលស្ដេចសូដុមវិញថា៖ «ទូលបង្គំសូមយកព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ធ្វើជាសាក្សីថា
23. ទូលបង្គំមិនយកអ្វីៗដែលជាសម្បត្តិរបស់ព្រះករុណាសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ទូលបង្គំមិនយកដែរ កុំឲ្យព្រះករុណាមានរាជឱង្ការថា “យើងបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន”។