លោកុ‌ប្បត្តិ 14:7-16 Khmer Standard Version (KHSV)

7. បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។

8. ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ស្ដេច​ក្រុង​អាដ‌ម៉ា ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្ដេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម

9. គឺ​តទល់​នឹង​ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ និង​ព្រះ‌បាទ​អើរ‌យ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។

10. នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្ដូង​ប្រេង​ជា​ច្រើន។ ស្ដេច​ក្រុង​សូដុម និង​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្ដូង​នោះ ហើយ​ស្ដេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។

11. រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។

12. គេ​ក៏​នាំ​លោក​ឡុត​ជា​ក្មួយ​លោក​អាប់រ៉ាម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ លោក​ឡុត​រស់​នៅ​ក្នុង​ក្រុង​សូដុម។

13. មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។

14. កាល​លោក​អាប់រ៉ាម​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​យក​ទៅ​ជា​ឈ្លើយ​សឹក លោក​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ‌សន្ដាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ដេញ​តាម​ស្ដេច​ទាំង​នោះ​ហូត​ទៅ​ដល់​ក្រុង​ដាន់។

15. លោក​បាន​ចែក​កង‌ទ័ព​របស់​លោក​ជា​ក្រុមៗ រួច​វាយ​ស្ដេច​ទាំង​នោះ​នៅ​ពេល​យប់។ លោក​វាយ​ឈ្នះ​ស្ដេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។

16. លោក​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​លោក​ឡុត​ជា​បង‌ប្អូន​របស់​លោក ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។

លោកុ‌ប្បត្តិ 14