5. លោកឡុតដែលមកជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។
6. ស្រុកនោះពុំមានលទ្ធភាពឲ្យលោកទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតលោកទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។
7. ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអាប់រ៉ាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។
8. លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់លោកឡុតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
9. មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្ដាំ ហើយបើក្មួយទៅខាងស្ដាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។
10. លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។
11. លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។
12. លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណាន រីឯលោកឡុតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។
13. អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។