1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចាកចេញពីស្រុករបស់អ្នក ចាកចេញពីញាតិសន្ដាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក។
2. យើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចុះ!។
3. យើងនឹងឲ្យពរដល់ជនទាំងឡាយណាដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្ដាសាដល់ជនទាំងឡាយណា ដែលដាក់បណ្ដាសាអ្នកដែរក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក»។
4. លោកអាប់រ៉ាមក៏ចេញដំណើរទៅ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ទៅជាមួយលោកដែរ។
5. នៅពេលលោកអាប់រ៉ាមចាកចេញពីស្រុកហារ៉ានទៅនោះ លោកមានអាយុចិតសិបប្រាំឆ្នាំ។ លោកបាននាំលោកស្រីសារ៉ាយជាភរិយា និងលោកឡុតជាក្មួយទៅជាមួយ។ លោកក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកលោករកបាន ព្រមទាំងអ្នកបម្រើដែលពួកលោកទិញបាន នៅស្រុកហារ៉ានទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។លុះបានមកដល់ស្រុកកាណានហើយ
6. លោកអាប់រ៉ាមដើរកាត់ស្រុកកាណានរហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់លោកតាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
7. ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។
8. បន្ទាប់មក លោកចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល លោកបោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ លោកបានសង់អាសនៈមួយសម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ហើយគោរពបម្រើព្រះនាមព្រះអម្ចាស់។
9. លោកបន្តដំណើរពីកន្លែងមួយ ទៅកន្លែងមួយ ឆ្ពោះទៅកាន់តំបន់ណេកិប។
10. ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ លោកអាប់រ៉ាមចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។