4. បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។
5. ព្រះអម្ចាស់យាងចុះមកទតមើលទីក្រុង និងប្រាសាទដែលមនុស្សលោកបានសង់
6. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេទាំងអស់គ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ! បើគេធ្វើការនេះកើត គេក៏នឹងអាចធ្វើអ្វីៗផ្សេងទៀត តាមតែគេប្រាថ្នាចង់ធ្វើនោះបានដែរ គ្មានឧបសគ្គណារារាំងពួកគេឡើយ។
7. ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្ដាប់គ្នាទៅវិញទៅមកបានទៀត»។
8. ព្រះអម្ចាស់ក៏ធ្វើឲ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។
9. ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
10. នេះជាបញ្ជីរាយនាមកូនចៅរបស់លោកសិម។ ពេលលោកសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ លោកបង្កើតបានអើប៉ាក់សាឌ។
11. ក្រោយកំណើតអើប៉ាក់សាឌ លោកសិមរស់បានប្រាំរយឆ្នាំទៀត ហើយបង្កើតកូនប្រុស កូនស្រីជាច្រើន។
12. ពេលលោកអើប៉ាក់សាឌអាយុសាមសិបប្រាំឆ្នាំ លោកបង្កើតបានសេឡា។
13. ក្រោយកំណើតសេឡា លោកអើប៉ាក់សាឌរស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
14. ពេលលោកសេឡាអាយុសាមសិបឆ្នាំ លោកបង្កើតបានហេប៊ើរ។
15. ក្រោយកំណើតហេប៊ើរ លោកសេឡារស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
16. ពេលលោកហេប៊ើរអាយុសាមសិបបួនឆ្នាំ លោកបង្កើតបានផាលេក។
17. ក្រោយកំណើតផាលេក លោកហេប៊ើររស់បានបួនរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។