លោកុ‌ប្បត្តិ 11:16-32 Khmer Standard Version (KHSV)

16. ពេល​លោក​ហេប៊ើរ​អាយុ​សាម‌សិប​បួន​ឆ្នាំ លោក​បង្កើត​បាន​ផាលេក។

17. ក្រោយ​កំណើត​ផាលេក លោក​ហេប៊ើរ​រស់​បាន​បួន​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

18. ពេល​លោក​ផាលេក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​រេហ៊ូវ។

19. ក្រោយ​កំណើត​រេហ៊ូវ លោក​ផាលេក​រស់​បាន​ពីរ​រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

20. ពេល​លោក​រេហ៊ូវ​អាយុ​សាម‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​សេរូក។

21. ក្រោយ​កំណើត​សេរូក លោក​រេហ៊ូវ​រស់​បាន​ពីរ​រយ​ប្រាំ‌ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

22. ពេល​លោក​សេរូក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ណាឃរ។

23. ក្រោយ​កំណើត​ណាឃរ លោក​សេរូក​រស់​បាន​ពីរ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

24. ពេល​លោក​ណាឃរ​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ លោក​បង្កើត​បាន​ថេរ៉ា។

25. ក្រោយ​កំណើត​ថេរ៉ា លោក​ណាឃរ​រស់​បាន​មួយ​រយ​ដប់​ប្រាំ​បួន​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

26. ពេល​លោក​ថេរ៉ា​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន។

27. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​លោក​ថេរ៉ា។ លោក​ថេរ៉ា​បង្កើត​លោក​អាប់រ៉ាម លោក​ណាឃរ និង​លោក​ហារ៉ាន។ លោក​ហារ៉ាន​បង្កើត​ឡុត។

28. លោក​ហារ៉ាន​បាន​ទទួល​មរណ‌ភាព នៅ​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​លោក ក្នុង​ពេល​លោក​ថេរ៉ា​នៅ​រស់​នៅ​ឡើយ។

29. លោក​អាប់រ៉ាម និង​លោក​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​លោក​អាប់រ៉ាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។

30. នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។

31. លោក​ថេរ៉ា​បាន​នាំ​លោក​អាប់រ៉ាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អាប់រ៉ាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។

32. លោក​ថេរ៉ា​រស់​បាន​ពីរ​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។

លោកុ‌ប្បត្តិ 11