7. ព្រះជាម្ចាស់បានបង្កើតលំហដ៏រឹងមាំនោះ ព្រះអង្គញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។
8. ព្រះជាម្ចាស់ហៅលំហដ៏រឹងមាំនោះថា “មេឃ”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីពីរ។
9. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។
10. ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។
11. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន
12. គឺតិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។
13. ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។
14. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ
15. ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។
16. ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។
17. ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី
18. ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។