លោកុ‌ប្បត្តិ 1:2-18 Khmer Standard Version (KHSV)

2. នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណរបស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។

3. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។

4. ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះ‌អង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។

5. ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។

6. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង‌មាំ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។

7. ព្រះ‌ជាម្ចាស់​បាន​បង្កើត​លំហ​ដ៏​រឹង‌មាំ​នោះ ព្រះ‌អង្គ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

8. ព្រះ‌ជាម្ចាស់​ហៅ​លំហ​ដ៏​រឹង‌មាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។

9. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

10. ព្រះ‌ជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះ‌អង្គ​ហៅ​ថា “សមុទ្រ”។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។

11. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន

12. គឺ​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

13. ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។

14. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សម្គាល់​សម្រាប់​កំណត់​ពេល​វេលា ថ្ងៃ និង​ឆ្នាំ

15. ហើយ​ធ្វើ​ជា​ដុំ​ពន្លឺ​នៅ​លើ​មេឃ សម្រាប់​បំភ្លឺ​ផែនដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

16. ព្រះ‌ជាម្ចាស់​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់។ ព្រះ‌អង្គ​ក៏​បង្កើត​ផ្កាយ​ទាំង‌ឡាយដែរ។

17. ព្រះ‌ជាម្ចាស់​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី

18. ដើម្បី​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

លោកុ‌ប្បត្តិ 1