16. ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។
17. ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី
18. ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។
19. ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
20. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
21. ព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
22. ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។
23. ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
24. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។
25. ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
26. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្សជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។