1. កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី។
2. នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។
3. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។
4. ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។
5. ព្រះជាម្ចាស់ហៅពន្លឺថា “ថ្ងៃ” និងហៅភាពងងឹតថា “យប់”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយ។
6. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។
7. ព្រះជាម្ចាស់បានបង្កើតលំហដ៏រឹងមាំនោះ ព្រះអង្គញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។
8. ព្រះជាម្ចាស់ហៅលំហដ៏រឹងមាំនោះថា “មេឃ”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីពីរ។
9. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។
10. ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។
11. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន