6. លោកម៉ូសេមានប្រសាសន៍ថា៖ «អ្វីៗដែលព្រះអម្ចាស់បង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។
7. លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរទៅជិតអាសនៈ ធ្វើយញ្ញបូជារំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយថ្វាយតង្វាយដុតទាំងមូល ដើម្បីសូមព្រះអង្គលើកលែងទោសបង និងប្រជាជន ឲ្យបានរួចពីបាបដែរ។ ចូរថ្វាយតង្វាយរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបឲ្យពួកគេ ស្របតាមបញ្ជារបស់ព្រះអម្ចាស់»។
8. លោកអើរ៉ុនក៏ចូលទៅជិតអាសនៈ ហើយចាក់កកូនគោ សម្រាប់រំដោះបាបរបស់លោកផ្ទាល់។
9. កូនរបស់លោកលើកឈាមសត្វជូនលោក ហើយលោកក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក លោកចាក់ឈាមដែលនៅសល់ត្រង់ជើងអាសនៈ។
10. លោកដុតខ្លាញ់ ក្រលៀន និងអ្វីៗដែលជាប់នឹងថ្លើមរបស់សត្វ សម្រាប់ធ្វើយញ្ញបូជារំដោះបាបនោះ នៅលើអាសនៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
11. រីឯសាច់ និងស្បែក លោកយកទៅដុតនៅក្រៅជំរំ។
12. លោកអើរ៉ុនចាក់កចៀមឈ្មោល ដែលជាតង្វាយដុតទាំងមូល។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
13. ពួកគេយកសាច់ដែលកាប់ជាដុំៗ និងក្បាល មកជូនលោក ហើយលោកដុតវានៅលើអាសនៈ។
14. លោកលាងពោះវៀន និងលាងជើងរបស់វា រួចដុតទាំងអស់នៅលើអាសនៈ ពីលើតង្វាយដុតទាំងមូល។
15. បន្ទាប់មក លោកយកតង្វាយរបស់ប្រជាជនថ្វាយព្រះអម្ចាស់ គឺលោកយកពពែឈ្មោលដែលប្រជាជនថ្វាយជាយញ្ញបូជារំដោះបាបមក ហើយចាក់កវា ថ្វាយដូចយញ្ញបូជារំដោះបាបមុនដែរ។
16. លោកថ្វាយតង្វាយដុតទាំងមូល តាមក្បួនច្បាប់។
17. លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្ដាប់ដុតនៅលើអាសនៈ បន្ថែមពីលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។
18. លោកចាក់កគោបា និងចៀមឈ្មោល ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាមេត្រីភាព។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
19. ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោល ព្រមទាំងកន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន ក្រលៀន និងថ្លើម
20. ដាក់នៅលើសាច់ទ្រូង ហើយលោកអើរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។