12. លោកអើរ៉ុនចាក់កចៀមឈ្មោល ដែលជាតង្វាយដុតទាំងមូល។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
13. ពួកគេយកសាច់ដែលកាប់ជាដុំៗ និងក្បាល មកជូនលោក ហើយលោកដុតវានៅលើអាសនៈ។
14. លោកលាងពោះវៀន និងលាងជើងរបស់វា រួចដុតទាំងអស់នៅលើអាសនៈ ពីលើតង្វាយដុតទាំងមូល។
15. បន្ទាប់មក លោកយកតង្វាយរបស់ប្រជាជនថ្វាយព្រះអម្ចាស់ គឺលោកយកពពែឈ្មោលដែលប្រជាជនថ្វាយជាយញ្ញបូជារំដោះបាបមក ហើយចាក់កវា ថ្វាយដូចយញ្ញបូជារំដោះបាបមុនដែរ។
16. លោកថ្វាយតង្វាយដុតទាំងមូល តាមក្បួនច្បាប់។
17. លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្ដាប់ដុតនៅលើអាសនៈ បន្ថែមពីលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។
18. លោកចាក់កគោបា និងចៀមឈ្មោល ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាមេត្រីភាព។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
19. ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោល ព្រមទាំងកន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន ក្រលៀន និងថ្លើម
20. ដាក់នៅលើសាច់ទ្រូង ហើយលោកអើរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។
21. បន្ទាប់មក លោកអើរ៉ុនលើកសាច់ទ្រូង និងភ្លៅស្ដាំ ថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់។
22. ក្រោយពីបានថ្វាយយញ្ញបូជារំដោះបាបតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ចប់សព្វគ្រប់ហើយ លោកអើរ៉ុនលើកដៃជូនពរប្រជាជន រួចចុះមកវិញ។
23. លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាចូលក្នុងពន្លាជួបព្រះអម្ចាស់ រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យប្រជាជនទាំងមូលឃើញ
24. គឺមានភ្លើងចេញពីព្រះអម្ចាស់ឆេះតង្វាយដុតទាំងមូល និងដុំខ្លាញ់ នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។