9. លោកពាក់ឆ្នួតក្បាល ដែលមានខ្ទាស់គ្រឿងអលង្ការនៅផ្នែកខាងមុខឆ្នួតនោះជូនលោកអើរ៉ុន ស្របតាមបញ្ជារបស់ព្រះអម្ចាស់។
10. លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់នៅក្នុងព្រះពន្លា ទុកជាសក្ការៈ។
11. លោកប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈ គ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។
12. លោកចាក់ប្រេងលើក្បាលលោកអើរ៉ុន ដើម្បីញែកលោកឲ្យវិសុទ្ធ*។
13. លោកម៉ូសេបាននាំកូនៗរបស់លោកអើរ៉ុនចូលមក ហើយលោកបំពាក់អាវវែងឲ្យពួកគេ រួចក្រវាត់ខ្សែក្រវាត់ និងពាក់ឆ្នួតក្បាលឲ្យពួកគេ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
14. លោកម៉ូសេនាំគោបាសម្រាប់ធ្វើយញ្ញបូជារំដោះបាបចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលគោបានោះ។
15. លោកម៉ូសេចាក់កគោយកឈាម រួចជ្រលក់ម្រាមដៃទៅក្នុងឈាម លាបលើស្នែងនៅតាមមុមទាំងបួនរបស់អាសនៈ ដើម្បីជម្រះអាសនៈឲ្យបរិសុទ្ធ។ លោកយកឈាមចាក់នៅត្រង់ជើងអាសនៈ និងធ្វើពិធីរំដោះបាប ដើម្បីញែកអាសនៈជាសក្ការៈ។
16. លោកយកខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ ព្រមទាំងខ្លាញ់ដែលជាប់នឹងក្រលៀន មកដុតនៅលើអាសនៈ។
17. រីឯស្បែកគោ សាច់ និងលាមក លោកយកទៅដុតនៅខាងក្រៅជំរំ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
18. លោកនាំចៀមឈ្មោលសម្រាប់ធ្វើតង្វាយដុតទាំងមូលចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។
19. លោកម៉ូសេចាក់កចៀម រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
20. លោកម៉ូសេកាប់ចៀមជាដុំៗ រួចដុតទាំងក្បាល ទាំងដុំសាច់ ទាំងខ្លាញ់ផង។
21. លោកយកទឹកលាងពោះវៀន និងលាងជើងរបស់វា ហើយដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
22. លោកនាំចៀមឈ្មោលទីពីរចូលមក គឺចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ លោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។