29. លោកម៉ូសេយកសាច់ទ្រូងរបស់ចៀម ដែលជាយញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ លើកថ្វាយព្រះអម្ចាស់។ សាច់នេះត្រូវបានជាចំណែករបស់លោក ស្របតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
30. លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់លោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះ លោកញែកលោកអើរ៉ុន និងកូនប្រុសរបស់លោក រួមទាំងសម្លៀកបំពាក់របស់ពួកគេ ឲ្យទៅជាវិសុទ្ធ។
31. លោកម៉ូសេពោលទៅកាន់លោកអើរ៉ុន និងកូនៗរបស់គាត់ថា៖ «ចូរចំអិនសាច់នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ អ្នករាល់គ្នាត្រូវបរិភោគនៅកន្លែងនោះ ជាមួយនំប៉័ងនៅក្នុងល្អី ដែលប្រើសម្រាប់ពិធីតែងតាំងជាបូជាចារ្យ ដូចខ្ញុំបានបង្គាប់ឲ្យអ្នករាល់គ្នាបរិភោគ។
32. សាច់ និងនំប៉័ង ដែលនៅសល់ ត្រូវដុតចោល។
33. អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។
34. ព្រះអម្ចាស់ផ្ទាល់បញ្ជាឲ្យធ្វើពិធីដូចយើងបានធ្វើនៅថ្ងៃនេះ ដើម្បីរំដោះអ្នករាល់គ្នាពីអំពើបាប។
35. អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ធ្វើដូច្នេះ អ្នករាល់គ្នានៅបម្រើព្រះអម្ចាស់ ដោយមិនត្រូវស្លាប់ឡើយ។ នេះជាបញ្ជាដែលខ្ញុំបានទទួលពីព្រះជាម្ចាស់»។
36. លោកអើរ៉ុន និងកូនប្រុសរបស់លោក ធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។