17. រីឯស្បែកគោ សាច់ និងលាមក លោកយកទៅដុតនៅខាងក្រៅជំរំ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
18. លោកនាំចៀមឈ្មោលសម្រាប់ធ្វើតង្វាយដុតទាំងមូលចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។
19. លោកម៉ូសេចាក់កចៀម រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
20. លោកម៉ូសេកាប់ចៀមជាដុំៗ រួចដុតទាំងក្បាល ទាំងដុំសាច់ ទាំងខ្លាញ់ផង។
21. លោកយកទឹកលាងពោះវៀន និងលាងជើងរបស់វា ហើយដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
22. លោកនាំចៀមឈ្មោលទីពីរចូលមក គឺចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ លោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។
23. លោកម៉ូសេចាក់កចៀម រួចយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់លោកអើរ៉ុន។
24. បន្ទាប់មក លោកក៏នាំកូនៗលោកអើរ៉ុនចូលមក ហើយយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់ពួកគេ។ លោកប្រោះឈាមដែលនៅសល់ទៅលើជ្រុងទាំងបួនរបស់អាសនៈ។
25. លោកយកខ្លាញ់ កន្ទុយ ខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន អ្វីៗដែលជាប់នឹងថ្លើម ក្រលៀនទាំងពីរ ខ្លាញ់ដែលជាប់នឹងក្រលៀន និងភ្លៅស្ដាំ
26. រួចយកនំប៉័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀប ទៅដាក់នៅលើខ្លាញ់ និងភ្លៅស្ដាំ។
27. លោកម៉ូសេយកតង្វាយទាំងអស់នោះដាក់លើដៃលោកអើរ៉ុន និងកូនៗ រួចបង្គាប់ឲ្យពួកគេលើកតង្វាយនោះ ថ្វាយព្រះអម្ចាស់។
28. បន្ទាប់មក លោកទទួលតង្វាយពីដៃរបស់ពួកគេ យកទៅដុតលើអាសនៈ ពីលើតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
29. លោកម៉ូសេយកសាច់ទ្រូងរបស់ចៀម ដែលជាយញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ លើកថ្វាយព្រះអម្ចាស់។ សាច់នេះត្រូវបានជាចំណែករបស់លោក ស្របតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
30. លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់លោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះ លោកញែកលោកអើរ៉ុន និងកូនប្រុសរបស់លោក រួមទាំងសម្លៀកបំពាក់របស់ពួកគេ ឲ្យទៅជាវិសុទ្ធ។