លេវី‌វិន័យ 8:12-21 Khmer Standard Version (KHSV)

12. លោក​ចាក់​ប្រេង​លើ​ក្បាល​លោក​អើរ៉ុន ដើម្បី​ញែក​លោក​ឲ្យ​វិសុទ្ធ*។

13. លោក​ម៉ូសេ​បាន​នាំ​កូនៗ​របស់​លោក​អើរ៉ុន​ចូល​មក ហើយ​លោក​បំពាក់​អាវ​វែង​ឲ្យ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

14. លោក​ម៉ូសេ​នាំ​គោ​បា​សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។

15. លោក​ម៉ូសេ​ចាក់​ក​គោ​យក​ឈាម រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ។ លោក​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។

16. លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន មក​ដុត​នៅ​លើ​អាសនៈ។

17. រីឯ​ស្បែក​គោ សាច់ និង​លាមក លោក​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

18. លោក​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

19. លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

20. លោក​ម៉ូសេ​កាប់​ចៀម​ជា​ដុំៗ រួច​ដុត​ទាំង​ក្បាល ទាំង​ដុំ​សាច់ ទាំង​ខ្លាញ់​ផង។

21. លោក​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

លេវី‌វិន័យ 8