1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់បូជាចារ្យ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំប៉័ងឥតមេ
3. រួចប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលឲ្យមកជួបជុំគ្នា នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់»។
4. លោកម៉ូសេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺលោកប្រមូលជនជាតិអ៊ីស្រាអែល ឲ្យមកជួបជុំគ្នានៅត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។
5. លោកប្រកាសប្រាប់សហគមន៍ថា៖ «នេះជាការដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ»។
6. លោកនាំលោកអើរ៉ុន និងកូនៗមក ហើយយកទឹកធ្វើពិធីជម្រះកាយឲ្យពួកគេ។
7. លោកពាក់អាវវែងជូនលោកអើរ៉ុន យកខ្សែក្រវាត់មកក្រវាត់ចង្កេះ ពាក់អាវធំ ហើយពាក់អាវអេផូដ*ពីលើ ព្រមទាំងចងខ្សែអេផូដផង។
8. លោកយកប្រដាប់ពាក់លើទ្រូងមកបំពាក់ជូនលោកអើរ៉ុន ដែលនៅក្នុងនោះមានដាក់យូរីម និងធូមីម*។
9. លោកពាក់ឆ្នួតក្បាល ដែលមានខ្ទាស់គ្រឿងអលង្ការនៅផ្នែកខាងមុខឆ្នួតនោះជូនលោកអើរ៉ុន ស្របតាមបញ្ជារបស់ព្រះអម្ចាស់។
10. លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់នៅក្នុងព្រះពន្លា ទុកជាសក្ការៈ។
11. លោកប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈ គ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។