18. នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានថ្វាយជាយញ្ញបូជាមេត្រីភាព អ្នកនោះនឹងនាំឲ្យខ្លួនមានទោស។ ព្រះអម្ចាស់មិនព្រមទទួលយញ្ញបូជារបស់គេទេ ព្រោះជាយញ្ញបូជាឥតបានការ ហើយជាសាច់សៅហ្មង។
19. ប្រសិនបើសាច់នោះទៅប៉ះនឹងវត្ថុមិនបរិសុទ្ធ មិនត្រូវបរិភោគវាឡើយ គឺត្រូវតែដុតចោល។ មានតែអ្នកបរិសុទ្ធប៉ុណ្ណោះ ទើបអាចបរិភោគសាច់នៃយញ្ញបូជាបាន។
20. ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ ត្រូវតែបណ្ដេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។
21. រីឯអ្នកដែលប៉ះពាល់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬសត្វមិនបរិសុទ្ធ ឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើម រួចបរិភោគសាច់របស់យញ្ញបូជាមេត្រីភាព ដែលគេថ្វាយព្រះអម្ចាស់ ក៏ត្រូវតែបណ្ដេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។
22. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
23. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: “អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែជាដាច់ខាត។
24. រីឯខ្លាញ់របស់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃហែកសម្លាប់ នោះអ្នករាល់គ្នាអាចយកទៅធ្វើអ្វីក៏បាន តែមិនត្រូវបរិភោគឡើយ។
25. ប្រសិនបើនរណាបរិភោគខ្លាញ់សត្វ ដែលគេបានថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ ត្រូវបណ្ដេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។
26. ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្ដី មិនត្រូវបរិភោគឈាមរបស់សត្វចតុប្បាទ ឬសត្វស្លាបឡើយ។
27. អ្នកណាបរិភោគឈាម អ្នកនោះនឹងត្រូវបណ្ដេញចេញពីកុលសម្ព័ន្ធរបស់ខ្លួន”»។
28. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
29. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ថ្វាយយញ្ញបូជាមេត្រីភាព គេត្រូវយកចំណែករបស់ព្រះអម្ចាស់ថ្វាយព្រះអង្គ។
30. គេត្រូវយកតង្វាយដុតដែលជាចំណែករបស់ព្រះអម្ចាស់ មកថ្វាយព្រះអង្គ ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូង ដែលត្រូវលើកថ្វាយព្រះអង្គ។
31. បូជាចារ្យដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅលោកអើរ៉ុន និងកូនៗរបស់គាត់។