7. នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយព្រះអង្គនឹងអត់ទោសឲ្យគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
9. «ចូរបង្គាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ:នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយដុតទាំងមូល*: ត្រូវទុកតង្វាយដុតទាំងមូលនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងឲ្យឆេះរហូត។
10. បូជាចារ្យត្រូវពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក ហើយកើបផេះដែលបានមកពីការបូជាតង្វាយដុតទាំងមូលនោះចេញពីអាសនៈ យកវាទៅដាក់នៅក្បែរអាសនៈ។
11. បន្ទាប់មក គាត់ត្រូវផ្លាស់សម្លៀកបំពាក់ រួចយកផេះនោះចេញទៅក្រៅជំរំ ចាក់នៅកន្លែងមួយបរិសុទ្ធ*។
12. ត្រូវឲ្យភ្លើងនៅលើអាសនៈឆេះរហូត គឺមិនត្រូវឲ្យរលត់ឡើយ។ រាល់ព្រឹក បូជាចារ្យត្រូវតែថែមអុស ហើយដាក់តង្វាយដុតទាំងមូលពីលើ ព្រមទាំងដុតខ្លាញ់នៃយញ្ញបូជាមេត្រីភាពថែមទៀតផង។
13. ត្រូវទុកភ្លើងឲ្យឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ»។
14. «នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយម្សៅ: កូនៗរបស់អើរ៉ុនត្រូវថ្វាយតង្វាយម្សៅ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមុខអាសនៈ។
15. បូជាចារ្យមួយរូបយកម្សៅម៉ដ្ដមួយក្ដាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈ ទុកជាទីរំឭក ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
16. រីឯម្សៅដែលនៅសល់ត្រូវបានទៅអើរ៉ុន និងកូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំប៉័ងធ្វើពីម្សៅនេះ ដោយឥតមានមេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈ ក្នុងទីលានពន្លាជួបព្រះអម្ចាស់។
17. មិនត្រូវដុតនំប៉័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលព្រះអម្ចាស់យកចេញពីតង្វាយដុត សម្រាប់ពួកគេ។ នេះជាចំណែកដ៏វិសុទ្ធ*បំផុត ដូចយញ្ញបូជារំដោះបាប និងយញ្ញបូជាលោះបាបដែរ។
18. មានតែប្រុសៗក្នុងចំណោមកូនចៅរបស់អើរ៉ុនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីតង្វាយរបស់ព្រះអម្ចាស់ ទុកសម្រាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះតង្វាយទាំងនេះនឹងបានវិសុទ្ធ»។
19. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖