22. កូនរបស់អើរ៉ុន ដែលទទួលការចាក់ប្រេងតែងតាំងជាមហាបូជាចារ្យ*បន្តពីគាត់ ត្រូវថ្វាយតង្វាយនេះដែរ គឺជាតង្វាយដែលត្រូវតែដុតទាំងអស់ ថ្វាយព្រះអម្ចាស់ ជារៀងរហូត។
23. នៅពេលបូជាចារ្យថ្វាយតង្វាយម្សៅ ត្រូវតែដុតទាំងអស់ថ្វាយព្រះអម្ចាស់ គឺមិនត្រូវទុកបរិភោគឡើយ»។
24. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
25. «ចូរប្រាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ:នេះជាក្រឹត្យវិន័យ*ស្ដីអំពីការថ្វាយយញ្ញបូជារំដោះបាប: ចូរចាក់កសត្វដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប នៅកន្លែងដែលគេចាក់កសត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ព្រោះជាតង្វាយដ៏វិសុទ្ធ*បំផុត។
26. បូជាចារ្យដែលថ្វាយយញ្ញបូជារំដោះបាប ត្រូវបរិភោគតង្វាយនេះ នៅកន្លែងដ៏សក្ការៈ ក្នុងទីលាននៃពន្លាជួបព្រះអម្ចាស់។
27. អ្វីៗដែលប៉ះនឹងសាច់របស់សត្វនោះនឹងបានវិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។
28. ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងដី ក្រោយពីចំអិនរួច ត្រូវតែបំបែកថ្លាងនោះចោល។ ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងលង្ហិនក្រោយពីចំអិនរួច ត្រូវតែយកថ្លាងទៅដុស និងលាងក្នុងទឹក។
29. ក្នុងក្រុមគ្រួសាររបស់បូជាចារ្យ មានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។
30. រីឯសាច់របស់សត្វដែលគេយកឈាមចូលទៅក្នុងទីសក្ការៈនៃពន្លាជួបព្រះអម្ចាស់ សម្រាប់ពិធីរំដោះបាបនោះ មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់»។