លេវី‌វិន័យ 6:18-30 Khmer Standard Version (KHSV)

18. មាន​តែ​ប្រុសៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​អើរ៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំប៉័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វីៗ​ដែល​ប៉ះ​តង្វាយ​ទាំង​នេះ​នឹង​បាន​វិសុទ្ធ»។

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

20. «នៅ​ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​បូជា‌ចារ្យ ពួក​គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​ទម្ងន់​មួយ​ភាគ​ដប់​នៃ​អេផា*​មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍ គឺ​ពាក់​កណ្ដាល​ថ្វាយ​ពេល​ព្រឹក ហើយ​ពាក់​កណ្ដាល​ទៀត​ថ្វាយ​ពេល​ល្ងាច។

21. ត្រូវ​យក​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង រួច​ចាក់​វា​ដុត​ក្នុង​ពុម្ព។ លុះ​នំ​ឆ្អិន​ហើយ ត្រូវ​កាត់​ជា​ដុំៗ មុន​នឹង​លើក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

22. កូន​របស់​អើរ៉ុន ដែល​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​មហា​បូជា‌ចារ្យ*​បន្ត​ពី​គាត់ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ដែរ គឺ​ជា​តង្វាយ​ដែល​ត្រូវ​តែ​ដុត​ទាំង​អស់ ថ្វាយ​ព្រះ‌អម្ចាស់ ជា​រៀង​រហូត។

23. នៅ​ពេល​បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ម្សៅ ត្រូវ​តែ​ដុត​ទាំង​អស់​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មិន​ត្រូវ​ទុក​បរិភោគ​ឡើយ»។

24. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

25. «ចូរ​ប្រាប់​អើរ៉ុន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ:នេះ​ជា​ក្រឹត្យ‌វិន័យ*​ស្ដី​អំពី​ការ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប: ចូរ​ចាក់​ក​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ*​បំផុត។

26. បូជា‌ចារ្យ​ដែល​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

27. អ្វីៗ​ដែល​ប៉ះ​នឹង​សាច់​របស់​សត្វ​នោះ​នឹង​បាន​វិសុទ្ធ។ ប្រសិន​បើ​មាន​ឈាម​ខ្ទាត​ប្រឡាក់​អាវ ត្រូវ​លាង​កន្លែង​ប្រឡាក់​នោះ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ។

28. ប្រសិន​បើ​គេ​ចំអិន​សាច់​ក្នុង​ថ្លាង​ដី ក្រោយ​ពី​ចំអិន​រួច ត្រូវ​តែ​បំបែក​ថ្លាង​នោះ​ចោល។ ប្រសិន​បើ​គេ​ចំអិន​សាច់​ក្នុង​ថ្លាង​លង្ហិន​ក្រោយ​ពី​ចំអិន​រួច ត្រូវ​តែ​យក​ថ្លាង​ទៅ​ដុស និង​លាង​ក្នុង​ទឹក។

29. ក្នុង​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត។

30. រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់ សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។

លេវី‌វិន័យ 6