13. ត្រូវទុកភ្លើងឲ្យឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ»។
14. «នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយម្សៅ: កូនៗរបស់អើរ៉ុនត្រូវថ្វាយតង្វាយម្សៅ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមុខអាសនៈ។
15. បូជាចារ្យមួយរូបយកម្សៅម៉ដ្ដមួយក្ដាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈ ទុកជាទីរំឭក ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
16. រីឯម្សៅដែលនៅសល់ត្រូវបានទៅអើរ៉ុន និងកូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំប៉័ងធ្វើពីម្សៅនេះ ដោយឥតមានមេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈ ក្នុងទីលានពន្លាជួបព្រះអម្ចាស់។
17. មិនត្រូវដុតនំប៉័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលព្រះអម្ចាស់យកចេញពីតង្វាយដុត សម្រាប់ពួកគេ។ នេះជាចំណែកដ៏វិសុទ្ធ*បំផុត ដូចយញ្ញបូជារំដោះបាប និងយញ្ញបូជាលោះបាបដែរ។
18. មានតែប្រុសៗក្នុងចំណោមកូនចៅរបស់អើរ៉ុនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីតង្វាយរបស់ព្រះអម្ចាស់ ទុកសម្រាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះតង្វាយទាំងនេះនឹងបានវិសុទ្ធ»។
19. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
20. «នៅពេលអើរ៉ុន និងកូនៗរបស់គាត់ទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ ពួកគេត្រូវយកម្សៅម៉ដ្ដទម្ងន់មួយភាគដប់នៃអេផា*មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយអចិន្ត្រៃយ៍ គឺពាក់កណ្ដាលថ្វាយពេលព្រឹក ហើយពាក់កណ្ដាលទៀតថ្វាយពេលល្ងាច។
21. ត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗ មុននឹងលើកថ្វាយព្រះអម្ចាស់ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។
22. កូនរបស់អើរ៉ុន ដែលទទួលការចាក់ប្រេងតែងតាំងជាមហាបូជាចារ្យ*បន្តពីគាត់ ត្រូវថ្វាយតង្វាយនេះដែរ គឺជាតង្វាយដែលត្រូវតែដុតទាំងអស់ ថ្វាយព្រះអម្ចាស់ ជារៀងរហូត។
23. នៅពេលបូជាចារ្យថ្វាយតង្វាយម្សៅ ត្រូវតែដុតទាំងអស់ថ្វាយព្រះអម្ចាស់ គឺមិនត្រូវទុកបរិភោគឡើយ»។
24. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
25. «ចូរប្រាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ:នេះជាក្រឹត្យវិន័យ*ស្ដីអំពីការថ្វាយយញ្ញបូជារំដោះបាប: ចូរចាក់កសត្វដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប នៅកន្លែងដែលគេចាក់កសត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ព្រោះជាតង្វាយដ៏វិសុទ្ធ*បំផុត។
26. បូជាចារ្យដែលថ្វាយយញ្ញបូជារំដោះបាប ត្រូវបរិភោគតង្វាយនេះ នៅកន្លែងដ៏សក្ការៈ ក្នុងទីលាននៃពន្លាជួបព្រះអម្ចាស់។
27. អ្វីៗដែលប៉ះនឹងសាច់របស់សត្វនោះនឹងបានវិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។
28. ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងដី ក្រោយពីចំអិនរួច ត្រូវតែបំបែកថ្លាងនោះចោល។ ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងលង្ហិនក្រោយពីចំអិនរួច ត្រូវតែយកថ្លាងទៅដុស និងលាងក្នុងទឹក។
29. ក្នុងក្រុមគ្រួសាររបស់បូជាចារ្យ មានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។
30. រីឯសាច់របស់សត្វដែលគេយកឈាមចូលទៅក្នុងទីសក្ការៈនៃពន្លាជួបព្រះអម្ចាស់ សម្រាប់ពិធីរំដោះបាបនោះ មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់»។