1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើវិន័យព្រះអម្ចាស់ គឺបំបាត់វត្ថុអ្វីមួយពីជនរួមជាតិរបស់ខ្លួន ដូចជាបន្លំយករបស់ដែលគេយកមកផ្ញើទុក ឬលួចយករបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន
3. ឬបានរើសរបស់ដែលគេបាត់ តែប្រកែកថាមិនឃើញ ឬក៏ស្បថបំពាន ដើម្បីបិទបាំងអំពើបាបណាមួយដែលខ្លួនបានប្រព្រឹត្ត
4. មនុស្សប្រព្រឹត្តអំពើបាបបណ្ដាលឲ្យខ្លួនមានទោស ដូច្នេះ ត្រូវសងវត្ថុដែលខ្លួនបានលួច ឬកំហែងយក ឬសងវត្ថុដែលគេយកមកបញ្ចាំ ឬវត្ថុដែលខ្លួនរើសបាននោះ ទៅឲ្យម្ចាស់ដើមវិញ។
5. អ្នកនោះក៏ត្រូវសងវត្ថុដែលខ្លួនបានស្បថបំពានយកផងដែរ។ នៅពេលគាត់ដឹងខ្លួនថាមានទោស នោះគាត់មិនគ្រាន់តែសងវត្ថុទាំងអស់ទៅម្ចាស់ដើមប៉ុណ្ណោះទេ គឺត្រូវបន្ថែមតម្លៃមួយភាគប្រាំ ពីលើតម្លៃរបស់វត្ថុនោះទៀតផង។
6. បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន ទៅជូនបូជាចារ្យ សម្រាប់ថ្វាយព្រះអម្ចាស់ ដោយគិតតាមតម្លៃយញ្ញបូជាលោះបាប។
7. នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយព្រះអង្គនឹងអត់ទោសឲ្យគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
9. «ចូរបង្គាប់អើរ៉ុន និងកូនៗរបស់គាត់ដូចតទៅ:នេះជាក្រឹត្យវិន័យស្ដីអំពីតង្វាយដុតទាំងមូល*: ត្រូវទុកតង្វាយដុតទាំងមូលនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងឲ្យឆេះរហូត។
10. បូជាចារ្យត្រូវពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក ហើយកើបផេះដែលបានមកពីការបូជាតង្វាយដុតទាំងមូលនោះចេញពីអាសនៈ យកវាទៅដាក់នៅក្បែរអាសនៈ។