8. គាត់ត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ។ មុនដំបូង លោកត្រូវថ្វាយសត្វមួយជាយញ្ញបូជារំដោះបាប គឺលោកមួលកសត្វនោះ តែមិនផ្ដាច់ក្បាលវាចេញពីខ្លួនទេ។
9. លោកយកឈាមខ្លះរបស់សត្វដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ ប្រោះទៅលើជញ្ជាំងអាសនៈ ហើយចាក់ឈាមដែលនៅសល់ត្រង់ជើងរបស់អាសនៈ។ នេះជាយញ្ញបូជារំដោះបាប។
10. បន្ទាប់មក លោកបូជាចារ្យថ្វាយសត្វទីពីរជាតង្វាយដុតទាំងមូល ស្របតាមច្បាប់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
11. ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* មកថ្វាយជាយញ្ញបូជារំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។
12. គេយកម្សៅនោះទៅជូនលោកបូជាចារ្យ។ លោកបូជាចារ្យ យកម្សៅពេញមួយក្ដាប់ ទុកជាទីរំឭក* ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយយញ្ញបូជាឯទៀតៗដែលគេដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។
13. លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ បូជាចារ្យធ្វើដូច្នេះ ដូចថ្វាយតង្វាយម្សៅឯទៀតៗដែរ»។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
15. «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើក្រឹត្យវិន័យស្ដីអំពីវត្ថុសក្ការៈដែលត្រូវថ្វាយព្រះអម្ចាស់ នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកថ្វាយព្រះអង្គ ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។
16. ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនបូជាចារ្យវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ លោកបូជាចារ្យធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើយញ្ញបូជាលោះបាប ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគាត់។
17. ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាប ដោយមិនដឹងខ្លួន គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស
18. គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន មកជូនលោកបូជាចារ្យ ដោយគិតតាមតម្លៃយញ្ញបូជា សម្រាប់រំដោះខ្លួនឲ្យរួចពីបាប។ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។
19. នេះជាយញ្ញបូជាលោះបាប ដ្បិតអ្នកនោះពិតជាបានប្រព្រឹត្តខុសចំពោះព្រះអម្ចាស់»។