1. ប្រសិនបើនរណាម្នាក់ជាសាក្សី បានឮមនុស្សម្នាក់ទៀតនិយាយស្បថបំពាន ហើយមិនព្រមប្រាប់ពីហេតុការណ៍ដែលខ្លួនបានឃើញ និងបានឮទេនោះ គាត់មានបាប ហើយត្រូវទទួលទោស។
2. ប្រសិនបើនរណាម្នាក់ប៉ះពាល់អ្វីមួយដែលមិនបរិសុទ្ធ ដូចជាប៉ះពាល់ខ្មោច សត្វព្រៃ ឬសត្វស្រុកដែលមិនបរិសុទ្ធ ឬខ្មោចសត្វលូនវារដែលមិនបរិសុទ្ធ ទោះបីគេប៉ះពាល់ដោយអចេតនាក្ដី ក៏គេត្រូវសៅហ្មង បណ្ដាលឲ្យខ្លួនមានទោសដែរ។
3. ប្រសិនបើនរណាម្នាក់ប៉ះពាល់មនុស្សមិនបរិសុទ្ធដោយអចេតនា ធ្វើឲ្យខ្លួនឯងទៅជាមិនបរិសុទ្ធដែរនោះ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
4. ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
5. ពេលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយដូចខាងលើនេះ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
6. បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាសម្រាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យគេ។
7. «ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះអម្ចាស់ ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។
8. គាត់ត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ។ មុនដំបូង លោកត្រូវថ្វាយសត្វមួយជាយញ្ញបូជារំដោះបាប គឺលោកមួលកសត្វនោះ តែមិនផ្ដាច់ក្បាលវាចេញពីខ្លួនទេ។