26. លោកដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។
27. ប្រសិនបើប្រជាជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស
28. នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមឲ្យរួចពីបាប។
29. គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវា នៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
30. លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។