2. «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទបញ្ជាណាមួយដែលព្រះអម្ចាស់ហាមឃាត់ ត្រូវធ្វើដូចតទៅ:
3. ប្រសិនបើមហាបូជាចារ្យ*បានប្រព្រឹត្តអំពើបាប ដែលបណ្ដាលឲ្យប្រជាជនទាំងមូលមានទោស នោះលោកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាប។
4. លោកនាំគោស្ទាវនោះមកថ្វាយព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
5. លោកមហាបូជាចារ្យត្រូវយកឈាមគោ ចូលមកក្នុងពន្លាជួបព្រះអម្ចាស់
6. រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងននទីសក្ការៈ។
7. លោកយកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
8. លោកយកខ្លាញ់ទាំងអស់របស់គោឈ្មោល ដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន
9. ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។
10. បូជាចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញបូជា ដូចគេដុតចំណែករបស់យញ្ញបូជាមេត្រីភាពដែរ។
11. រីឯស្បែកគោ សាច់ទាំងអស់ ក្បាល ជើង ពោះវៀន និងលាមក
12. ពោលគឺគោទាំងមូលត្រូវយកចេញទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធ សម្រាប់ចាក់ផេះ ហើយដុតវានៅលើអុសដែលកំពុងឆេះ ត្រង់កន្លែងចាក់ផេះនោះ»។
13. «ប្រសិនបើសហគមន៍អ៊ីស្រាអែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស
14. នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាបនៅមុខពន្លាជួបព្រះអម្ចាស់។