16. លោកមហាបូជាចារ្យ*យកឈាមគោបាចូលទៅក្នុងពន្លាជួបព្រះអម្ចាស់។
17. លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងនន។
18. លោកយកឈាមនោះលាបលើស្នែងអាសនៈ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
19. លោកយកខ្លាញ់ទាំងអស់របស់គោបាដុតនៅលើអាសនៈ។
20. លោកធ្វើពិធីថ្វាយយញ្ញបូជាគោបានេះ ដូចលោកធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជាជន ហើយពួកគេក៏បានរួចពីបាប។
21. បន្ទាប់មក លោកយកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាយញ្ញបូជារំដោះបាបរបស់សហគមន៍អ៊ីស្រាអែល»។
22. «ប្រសិនបើមេដឹកនាំណាមួយប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់គាត់ ដែលបណ្ដាលឲ្យខ្លួនមានទោស
23. នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់។
24. គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជារំដោះបាប។
25. លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលថ្វាយជាយញ្ញបូជារំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។
26. លោកដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។
27. ប្រសិនបើប្រជាជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស
28. នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមឲ្យរួចពីបាប។