13. «ប្រសិនបើសហគមន៍អ៊ីស្រាអែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលឲ្យខ្លួនមានទោស
14. នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាបនៅមុខពន្លាជួបព្រះអម្ចាស់។
15. អស់លោកព្រឹទ្ធាចារ្យ*របស់សហគមន៍ដាក់ដៃលើក្បាលគោបានោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយព្រឹទ្ធាចារ្យមួយរូបចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
16. លោកមហាបូជាចារ្យ*យកឈាមគោបាចូលទៅក្នុងពន្លាជួបព្រះអម្ចាស់។
17. លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងនន។
18. លោកយកឈាមនោះលាបលើស្នែងអាសនៈ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
19. លោកយកខ្លាញ់ទាំងអស់របស់គោបាដុតនៅលើអាសនៈ។
20. លោកធ្វើពិធីថ្វាយយញ្ញបូជាគោបានេះ ដូចលោកធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជាជន ហើយពួកគេក៏បានរួចពីបាប។
21. បន្ទាប់មក លោកយកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាយញ្ញបូជារំដោះបាបរបស់សហគមន៍អ៊ីស្រាអែល»។