លេវី‌វិន័យ 3:1-8 Khmer Standard Version (KHSV)

1. «ប្រសិន​បើ​នរណា​ម្នាក់​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ទោះ‌បី​គោ​នោះ​ឈ្មោល ឬ​ញី​ក្ដី គេ​ត្រូវ​យក​គោ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់។

2. គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ត្រង់​មាត់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​គោ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

3. យញ្ញ‌បូជា​មេត្រី‌ភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

4. ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។

5. បូជា‌ចារ្យ​ជា​កូន​របស់​លោក​អើរ៉ុន ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​នឹង​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​គំនរ​អុស​ដែល​កំពុង​ឆេះ។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

6. ប្រសិន​បើ​តង្វាយ​ដែល​គេ​យក​មក​ថ្វាយ​នោះ​ជា​ចៀម គេ​ត្រូវ​យក​ចៀម​ឈ្មោល ឬ​ញី​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

7. ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​កូន​ចៀម គេ​ត្រូវ​យក​វា​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

8. គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ជា​តង្វាយ​របស់​ខ្លួន ហើយ​ចាក់​ក​វា​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

លេវី‌វិន័យ 3