8. ប្រសិនបើអ្នកបន់នោះជាជនក្រីក្រពេក ពុំអាចបង់ប្រាក់តាមការវាយតម្លៃនេះ ត្រូវនាំអ្នកដែលខ្លួនសន្យាថ្វាយនោះ ទៅជួបបូជាចារ្យ ហើយបូជាចារ្យនឹងវាយតម្លៃគាត់ ដោយគិតតាមកម្រិតជីវភាពរបស់អ្នកបន់។
9. ប្រសិនបើគេបន់ដោយសន្យាយកសត្វមកថ្វាយព្រះអម្ចាស់ ត្រូវចាត់ទុកសត្វទាំងនោះជាសក្ការៈថ្វាយព្រះអង្គ។
10. មិនត្រូវយកអ្វីមកដោះដូរសត្វដែលត្រូវថ្វាយព្រះអង្គឡើយ គឺមិនត្រូវយកសត្វល្អ មកដូរយកសត្វអាក្រក់ ឬយកសត្វអាក្រក់មកដូរយកសត្វល្អទេ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ។
11. ប្រសិនបើគេបន់ដោយសន្យាថ្វាយសត្វមិនបរិសុទ្ធ គឺសត្វដែលមិនត្រូវថ្វាយព្រះអម្ចាស់ ត្រូវនាំសត្វនោះទៅជូនបូជាចារ្យ
12. បូជាចារ្យត្រូវពិនិត្យមើលគុណភាពរបស់សត្វនោះ រួចវាយតម្លៃ។
13. ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជាចារ្យបានគិត។
14. ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះអម្ចាស់ បូជាចារ្យត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬមិនល្អ រួចវាយតម្លៃ។
15. ប្រសិនបើម្ចាស់ផ្ទះចង់លោះផ្ទះរបស់ខ្លួន គាត់ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជាចារ្យបានគិត ហើយផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់ខ្លួនវិញ។
16. ប្រសិនបើនរណាម្នាក់ចង់ញែកដីធ្លីរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះអម្ចាស់ ត្រូវវាយតម្លៃដីដោយគិតតាមចំនួនស្រូវដែលសាបព្រោះ គឺស្រូវដប់ពីរថាំងគិតជាប្រាក់ដប់ប្រាំតម្លឹង។
17. ប្រសិនបើអ្នកនោះញែកដីរបស់ខ្លួនទុកជាសក្ការៈ នៅឆ្នាំមេត្តាករុណា ត្រូវវាយតម្លៃដីទៅតាមនោះដែរ។
18. ប្រសិនបើគេញែកដីរបស់ខ្លួនទុកជាសក្ការៈ ក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។
19. បើម្ចាស់ដីចង់លោះដីរបស់ខ្លួន គេត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដី ហើយដីនោះនឹងបានជាកម្មសិទ្ធិរបស់គេវិញ។