1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមានគេបន់ព្រះអម្ចាស់ ដោយសន្យាថ្វាយនរណាម្នាក់ទៅព្រះអង្គ គេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។
3. ត្រូវវាយតម្លៃមនុស្សដូចតទៅ: មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំទៅហុកសិបឆ្នាំ ត្រូវគិតជាប្រាក់ដប់ប្រាំតម្លឹង តាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
4. ប្រសិនបើជាស្ត្រី ត្រូវគិតជាប្រាក់ប្រាំបួនតម្លឹង។
5. ចំពោះមនុស្សមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុសត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។
6. ក្មេងមានអាយុពីមួយខែទៅប្រាំឆ្នាំ ត្រូវគិតជាប្រាក់មួយតម្លឹងកន្លះសម្រាប់ក្មេងប្រុស ហើយប្រាំបួនជីសម្រាប់ក្មេងស្រី។
7. ចំពោះចាស់ៗមានអាយុពីហុកសិបឆ្នាំឡើងទៅ ត្រូវគិតបួនតម្លឹងកន្លះសម្រាប់មនុស្សប្រុស ហើយបីតម្លឹងសម្រាប់មនុស្សស្រី។
8. ប្រសិនបើអ្នកបន់នោះជាជនក្រីក្រពេក ពុំអាចបង់ប្រាក់តាមការវាយតម្លៃនេះ ត្រូវនាំអ្នកដែលខ្លួនសន្យាថ្វាយនោះ ទៅជួបបូជាចារ្យ ហើយបូជាចារ្យនឹងវាយតម្លៃគាត់ ដោយគិតតាមកម្រិតជីវភាពរបស់អ្នកបន់។
9. ប្រសិនបើគេបន់ដោយសន្យាយកសត្វមកថ្វាយព្រះអម្ចាស់ ត្រូវចាត់ទុកសត្វទាំងនោះជាសក្ការៈថ្វាយព្រះអង្គ។