លេវី‌វិន័យ 26:37-45 Khmer Standard Version (KHSV)

37. ពួក​គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា​ដូច​ដួល​នៅ​មុខ​ដាវ ដោយ​ឥត​មាន​នរណា​ដេញ​តាម​ក្រោយ​ឡើយ។ អ្នក​រាល់​គ្នា​ពុំ​អាច​តទល់​នឹង​ខ្មាំង​សត្រូវ​ទេ។

38. អ្នក​រាល់​គ្នា​នឹង​វិនាស​នៅ​ក្នុង​ស្រុក​របស់​ប្រជា‌ជាតិ​នានា ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក​រាល់​គ្នា នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ។

39. ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​វិនាស​នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​បាប​របស់​ដូនតា។

40. ពេល​ពួក​គេ​ទទួល​សារ‌ភាព​កំហុស​របស់​ខ្លួន និង​កំហុស​របស់​ដូនតា​ខ្លួន ហើយ​ទទួល​សារ‌ភាព​ថា គេ​មិន​បាន​ស្មោះ​ត្រង់​ចំពោះ​យើង ព្រម​ទាំង​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង

41. ពេល​ពួក​គេ​យល់​ថា យើង​បាន​ប្រឆាំង​នឹង​ពួក​គេ ហើយ​នាំ​ពួក​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្មាំង ពួក​គេ​ដែល​ធ្លាប់​តែ​មាន​ចិត្ត​រឹង‌រូស បែរ​ជា​អោន​លំ‌ទោន និង​យល់​ព្រម​ទទួល​ទណ្ឌ‌កម្ម។

42. ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​យ៉ាកុប អ៊ីសាក និង​អប្រាហាំ ហើយ​យើង​ក៏​នឹក​ដល់​ទឹក​ដី​របស់​ពួក​គេ​ដែរ។

43. ក្នុង​ពេល​ពួក​គេ​មិន​រស់​នៅ​ក្នុង​ស្រុក គឺ​ពេល​ដែល​ទឹក​ដី​ស្ងាត់​ជ្រងំ​នោះ ទឹក​ដី​នឹង​បាន​សម្រាក​ដូច​នៅ​ឆ្នាំ​សប្ប័ទ។ ពួក​គេ​ទទួល​ទណ្ឌ‌កម្ម ព្រោះ​គេ​បាន​បោះ​បង់​ចោល​វិន័យ​របស់​យើង និង​បែក​ចិត្ត​ចេញ​ពី​ច្បាប់​របស់​យើង។

44. ប៉ុន្តែ ពេល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង យើង​នឹង​មិន​បោះ​បង់​ចោល​ពួក​គេ ហើយ​យើង​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ពួក​គេ រហូត​ដល់​ទៅ​លុប​បំបាត់​ពួក​គេ​ទាំង​ស្រុង ឬ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

45. យើង​នឹង​ជួយ​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ កាល​ពី​មុន ក្នុង​ពេល​យើង​បាន​នាំ​ដូនតា​របស់​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​នានា ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​គេ។ យើង​ជា​ព្រះ‌អម្ចាស់»។

លេវី‌វិន័យ 26