លេវី‌វិន័យ 26:24-34 Khmer Standard Version (KHSV)

24. យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​ដែរ យើង​វាយ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង​នេះ ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

25. យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​នៅ​តាម​ទីក្រុង យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

26. ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ម្ហូប​អាហារ ស្ត្រី​ដប់​នាក់​នឹង​ដុត​នំប៉័ង​នៅ​ក្នុង​ឡ​តែ​មួយ។ គេ​នឹង​ចែក​របប​នំប៉័ង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ឆ្អែត​ឡើយ។

27. ទោះ​បី​យ៉ាង​នេះ​ក្ដី បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង ហើយ​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង

28. យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ខ្លាំង​ដែរ។ យើង​នឹង​វាយ​ប្រដៅ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

29. អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន។

30. យើង​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នក​រាល់​គ្នា​នៅ​តាម​ទួល​ខ្ពស់ៗ យើង​នឹង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​សាក‌សព​របស់​អ្នក​រាល់​គ្នា ដួល​ដេក​ជា​មួយ​កម្ទេច​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា។ ហើយ​យើង​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា។

31. យើង​នឹង​កម្ទេច​ក្រុង​របស់​អ្នក​រាល់​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន យើង​នឹង​បំផ្លាញ​ទី‌សក្ការៈ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​មិន​ស្រង​ក្លិន​នៃ​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ទៀត​ឡើយ។

32. យើង​នឹង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ដែល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ស្រឡាំង‌កាំង។

33. យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​អ្នក​រាល់​គ្នា។ ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​គ្មាន​នរណា​រស់​នៅ។

34. ស្រុក​ទេស​នឹង​បាន​សម្រាក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ទឹក​ដី​នឹង​បាន​សម្រាក​ជំនួស​ឆ្នាំ​សប្ប័ទ ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គោរព។

លេវី‌វិន័យ 26