11. យើងនឹងរស់នៅកណ្ដាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។
12. យើងនឹងស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។
13. យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើជាទាសករនៅស្រុកនោះទៀតឡើយ។ យើងបានកាច់បំបាក់នឹមដែលស្ថិតនៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាដើរដោយខ្ពស់មុខ។
14. ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ
15. ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលច្បាប់របស់យើង ហើយមិនរវីរវល់នឹងវិន័យរបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្ដាច់សម្ពន្ធមេត្រីរបស់យើង
16. យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើឲ្យអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។
17. យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជំនះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្ដី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។
18. ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
19. យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។
20. អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។
21. ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
22. យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។
23. ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង
24. យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។