1. «អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមា ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នា សម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
2. ចូរប្រារព្ធពិធីបុណ្យសប្ប័ទរបស់យើង ហើយគោរពទីសក្ការៈរបស់យើង ដ្បិតយើងជាព្រះអម្ចាស់។
3. ប្រសិនបើអ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបទបញ្ជារបស់យើង
4. នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្ដល់ភោគផល ហើយដើមឈើក៏ផ្ដល់ផ្លែដែរ។
5. អ្នករាល់គ្នានឹងបោកបែនស្រូវ រហូតដល់ពេលបេះផ្លែទំពាំងបាយជូរ ហើយអ្នករាល់គ្នានឹងបេះផ្លែទំពាំងបាយជូរ រហូតដល់ពេលសាបព្រោះ។ អ្នករាល់គ្នាមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅក្នុងស្រុករបស់ខ្លួនយ៉ាងសុខសាន្ត។
6. យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកំចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។
7. អ្នករាល់គ្នាដេញតាមខ្មាំងសត្រូវ ពួកគេនឹងដួលស្លាប់ដោយមុខដាវនៅមុខអ្នករាល់គ្នា។
8. អ្នករាល់គ្នាតែប្រាំនាក់នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវ នៅមុខអ្នករាល់គ្នា។
9. យើងនឹងសម្តែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រី*ដែលយើងបានចងជាមួយអ្នករាល់គ្នា។
10. អ្នករាល់គ្នានឹងបរិភោគស្រូវចាស់ បន្ទាប់មក អ្នករាល់គ្នាយកស្រូវចាស់ចេញពីជង្រុក ដើម្បីដាក់ស្រូវថ្មីវិញ។
11. យើងនឹងរស់នៅកណ្ដាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។
12. យើងនឹងស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។