5. អ្នកមិនត្រូវច្រូតយកផលពីគ្រាប់ដែលធ្លាក់ទៅលើដីកាលពីរដូវចម្រូតមុន ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរពីដើមដែលអ្នកទុកចោលនោះដែរ ព្រោះជាឆ្នាំដែលត្រូវទុកឲ្យដីនៅទំនេរទាំងស្រុង។
6. ទោះបីដីទំនេរនៅឆ្នាំសប្ប័ទនោះក៏ដោយ ក៏នៅតែផ្ដល់អាហារគ្រប់គ្រាន់ដល់អ្នក និងអ្នកបម្រើប្រុសស្រីរបស់អ្នក ព្រមទាំងកូនឈ្នួល និងមនុស្សដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយអ្នក។
7. រីឯសត្វពាហនៈ និងសត្វព្រៃនៅក្នុងស្រុករបស់អ្នក ក៏ទទួលភោគផលពីដីជាចំណីដែរ»។
8. «ចូររាប់ឆ្នាំសប្ប័ទប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង សរុបទាំងអស់សែសិបប្រាំបួនឆ្នាំ។
9. នៅខែទីប្រាំពីរ ថ្ងៃទីដប់ ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពងពាសពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។
10. អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបនោះជាឆ្នាំដ៏វិសុទ្ធ ត្រូវប្រកាសសេរីភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះត្រូវមានឈ្មោះថា “ឆ្នាំមេត្តាករុណា”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួបជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។
11. ឆ្នាំទីហាសិប ជាឆ្នាំមេត្តាករុណានោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់ភោគផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដី កាលពីរដូវចម្រូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលអ្នករាល់គ្នាទុកចោលនោះដែរ។
12. អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំមេត្តាករុណាជាឆ្នាំសក្ការៈ។ អ្នករាល់គ្នានឹងបរិភោគអ្វីៗដែលដុះនៅក្នុងចម្ការ។
13. នៅឆ្នាំមេត្តាករុណា អ្នករាល់គ្នាអាចវិលទៅកាន់កាប់កម្មសិទ្ធិរបស់ខ្លួនវិញ។
14. ប្រសិនបើអ្នករាល់គ្នាលក់ ឬទិញអ្វី ពីជនរួមជាតិរបស់អ្នករាល់គ្នា មិនត្រូវកេងបន្លំគេឡើយ។
15. ពេលទិញដីពីជនរួមជាតិរបស់អ្នក ត្រូវគិតតម្លៃចាប់ពីឆ្នាំមេត្តាករុណាទៅ ហើយគេត្រូវលក់ឲ្យអ្នកដោយគិតតម្លៃតាមចំនួនឆ្នាំ ដែលអ្នកអាចច្រូតយកផលបាន រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។
16. ប្រសិនបើនៅសល់ច្រើនឆ្នាំមុននឹងដល់ឆ្នាំមេត្តាករុណា អ្នកអាចលក់ដីនោះថ្លៃ តែបើនៅសល់តិចឆ្នាំទេ នោះត្រូវបញ្ចុះតម្លៃ ដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។
17. មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា កេងប្រវ័ញ្ចជនរួមជាតិរបស់ខ្លួនឡើយ ធ្វើដូច្នេះបានសេចក្ដីថា អ្នកគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
18. ចូរប្រតិបត្តិតាមច្បាប់របស់យើង ចូរធ្វើតាមវិន័យរបស់យើង នោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
19. ដីនឹងផ្ដល់ភោគផល អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
20. ប្រសិនបើអ្នករាល់គ្នាពោលថា “នៅឆ្នាំទីប្រាំពីរ តើពួកយើងនឹងបានអ្វីបរិភោគ បើពួកយើងមិនសាបព្រោះ មិនច្រូតកាត់ដូច្នេះ!”។
21. នៅឆ្នាំទីប្រាំមួយ យើងនឹងឲ្យពរអ្នករាល់គ្នា គឺក្នុងឆ្នាំនោះ អ្នករាល់គ្នានឹងទទួលភោគផលគ្រប់គ្រាន់សម្រាប់បីឆ្នាំ។
22. អ្នករាល់គ្នាសាបព្រោះសាជាថ្មី នៅឆ្នាំទីប្រាំបី តែអ្នករាល់គ្នាបរិភោគផលដែលប្រមូលបានពីមុន រហូតដល់ឆ្នាំទីប្រាំបួន។ អ្នករាល់គ្នាត្រូវបរិភោគផលចាស់ រហូតទាល់តែបានទទួលភោគផលថ្មី។
23. អ្នករាល់គ្នាមិនអាចលក់ដីផ្ដាច់ឲ្យគេរហូតទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្ដោះអាសន្នលើដីរបស់យើង។
24. នៅក្នុងស្រុកទាំងមូលដែលអ្នករាល់គ្នាចូលទៅចាប់យក ត្រូវបង្កើតឲ្យមានច្បាប់លោះដី។
25. ប្រសិនបើបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់ញាតិដ៏ជិតដិត ត្រូវមកលោះយកដីដែលបងប្អូននោះលក់។