37. បើអ្នកនោះខ្ចីប្រាក់ កុំគិតការប្រាក់ឲ្យសោះ ហើយបើអ្នកឲ្យអាហារទៅគេ កុំចង់បានសគុណអ្វីឡើយ។
38. យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ស្រុកកាណាននេះឲ្យអ្នករាល់គ្នា និងដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។
39. ពេលបងប្អូនណាម្នាក់ធ្លាក់ខ្លួនក្រ ហើយមកសុំលក់ខ្លួនបម្រើអ្នក មិនត្រូវបង្ខំឲ្យគេធ្វើការដូចទាសករឡើយ។
40. ត្រូវឲ្យគេធ្វើការក្នុងឋានៈជាអ្នកបម្រើ ឬដូចអ្នកដែលស្នាក់នៅជាបណ្ដោះអាសន្ន។ គេត្រូវនៅធ្វើការជាមួយអ្នក រហូតដល់ឆ្នាំមេត្តាករុណា។
41. ពេលនោះ គេ និងកូនចៅរបស់គេអាចចាកចេញពីផ្ទះអ្នក វិលត្រឡប់ទៅនៅក្នុងអំបូរ និងក្នុងទឹកដីដែលជាកេរអាកររបស់គេវិញ
42. ដ្បិតអស់អ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីប សុទ្ធតែជាអ្នកបម្រើរបស់យើង ហេតុនេះ មិនត្រូវលក់ពួកគេដូចលក់ទាសករឡើយ។
43. កុំជិះជាន់ធ្វើបាបពួកគេឲ្យសោះ ធ្វើដូច្នេះ ទើបអ្នកគោរពកោតខ្លាចព្រះរបស់អ្នក។
44. ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជាជាតិនានា ដែលនៅជុំវិញអ្នករាល់គ្នា។
45. អ្នករាល់គ្នាអាចទិញខ្ញុំបម្រើពីចំណោមកូនចៅរបស់ជនបរទេស ដែលរស់នៅក្នុងស្រុករបស់អ្នករាល់គ្នា ឬពីចំណោមពូជអំបូររបស់គេ ដែលកើតក្នុងស្រុកនេះ មកធ្វើជាកម្មសិទ្ធិរបស់អ្នក។
46. អ្នករាល់គ្នាអាចចែកខ្ញុំបម្រើទាំងនោះឲ្យកូនចៅរបស់អ្នករាល់គ្នា នៅជំនាន់ក្រោយ ទុកជាកេរមត៌ក។ អ្នករាល់គ្នាអាចទុកពួកគេជាខ្ញុំបម្រើរហូតតទៅ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ជិះជាន់ធ្វើបាបជនជាតិអ៊ីស្រាអែល ដែលជាបងប្អូនរបស់ខ្លួនឡើយ។
47. ប្រសិនបើជនបរទេស ឬអ្នកដែលស្នាក់នៅក្នុងស្រុករបស់អ្នក ជាអ្នកមាន ហើយប្រសិនបើមានបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ លក់ខ្លួនទៅឲ្យជនបរទេស ឬអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ឬលក់ខ្លួនឲ្យពូជពង្សរបស់ជនបរទេសនោះ
48. បងប្អូនរបស់អ្នកក្រមានសិទ្ធិលោះអ្នកក្រនោះយកមកវិញ ក្រោយពេលគាត់បានលក់ខ្លួន។
49. ឪពុកមារបស់គាត់ កូនរបស់ឪពុកមា ឬសាច់ញាតិជិតដិតណាម្នាក់ អាចលោះគាត់យកមកវិញ ឬគាត់ត្រូវរកប្រាក់លោះខ្លួនឯងក៏បាន។
50. គាត់ត្រូវគិតចំនួនឆ្នាំជាមួយម្ចាស់ដែលទិញគាត់នោះ ដោយរាប់ចាប់ពីឆ្នាំដែលគាត់បានលក់ខ្លួនរហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ទៅឲ្យម្ចាស់តាមចំនួនឆ្នាំនោះ គិតដូចប្រាក់ឈ្នួលរបស់អ្នកបម្រើ។
51. ប្រសិនបើនៅសល់ច្រើនឆ្នាំ ត្រូវបង់ប្រាក់លោះខ្លួនទៅឲ្យម្ចាស់ គិតតាមចំនួនឆ្នាំដែលនៅសល់នោះ។
52. ប្រសិនបើនៅសល់តិចឆ្នាំ មុននឹងដល់ឆ្នាំមេត្តាករុណា ក៏ត្រូវគិតប្រាក់លោះខ្លួនបង់ទៅឲ្យម្ចាស់ តាមចំនួនឆ្នាំដែលនៅសល់នោះដែរ។
53. ត្រូវរាប់គាត់ទុកដូចជាអ្នកស៊ីឈ្នួលប្រចាំឆ្នាំ នៅក្នុងផ្ទះរបស់ម្ចាស់ គឺមិនត្រូវជិះជាន់ធ្វើបាបគាត់ឡើយ។
54. ប្រសិនបើក្នុងឆ្នាំដែលគាត់នៅបម្រើគេនោះ គាត់ពុំអាចលោះខ្លួនបានទេ នៅឆ្នាំមេត្តាករុណា គាត់ និងកូនចៅរបស់គាត់ អាចចាកចេញពីផ្ទះរបស់ម្ចាស់
55. ដ្បិតជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង យើងបាននាំពួកគេចាកចេញពីស្រុកអេស៊ីប ដើម្បីឲ្យពួកគេបម្រើយើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។