34. រីឯស្រែចម្ការដែលស្ថិតនៅជុំវិញក្រុងរបស់ពួកលេវីមិនអាចលក់បានទេ ព្រោះជាកម្មសិទ្ធិរបស់ពួកគេ រហូតតទៅ»។
35. «ពេលបងប្អូនណាម្នាក់របស់អ្នកធ្លាក់ខ្លួនក្រ និងខ្វះខាត ទោះបីអ្នកនោះជាជនបរទេស ឬជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្ដី អ្នកត្រូវតែជួយគេ ដើម្បីឲ្យគេអាចរស់នៅក្បែរអ្នកតទៅមុខទៀត។
36. កុំយកការប្រាក់ ឬចង់បានសគុណអ្វីពីគេឡើយ ធ្វើដូច្នេះ អ្នកគោរពកោតខ្លាចព្រះរបស់អ្នក ហើយទុកឲ្យបងប្អូននោះរស់នៅជាមួយអ្នក។
37. បើអ្នកនោះខ្ចីប្រាក់ កុំគិតការប្រាក់ឲ្យសោះ ហើយបើអ្នកឲ្យអាហារទៅគេ កុំចង់បានសគុណអ្វីឡើយ។
38. យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ស្រុកកាណាននេះឲ្យអ្នករាល់គ្នា និងដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។
39. ពេលបងប្អូនណាម្នាក់ធ្លាក់ខ្លួនក្រ ហើយមកសុំលក់ខ្លួនបម្រើអ្នក មិនត្រូវបង្ខំឲ្យគេធ្វើការដូចទាសករឡើយ។
40. ត្រូវឲ្យគេធ្វើការក្នុងឋានៈជាអ្នកបម្រើ ឬដូចអ្នកដែលស្នាក់នៅជាបណ្ដោះអាសន្ន។ គេត្រូវនៅធ្វើការជាមួយអ្នក រហូតដល់ឆ្នាំមេត្តាករុណា។
41. ពេលនោះ គេ និងកូនចៅរបស់គេអាចចាកចេញពីផ្ទះអ្នក វិលត្រឡប់ទៅនៅក្នុងអំបូរ និងក្នុងទឹកដីដែលជាកេរអាកររបស់គេវិញ
42. ដ្បិតអស់អ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីប សុទ្ធតែជាអ្នកបម្រើរបស់យើង ហេតុនេះ មិនត្រូវលក់ពួកគេដូចលក់ទាសករឡើយ។
43. កុំជិះជាន់ធ្វើបាបពួកគេឲ្យសោះ ធ្វើដូច្នេះ ទើបអ្នកគោរពកោតខ្លាចព្រះរបស់អ្នក។
44. ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជាជាតិនានា ដែលនៅជុំវិញអ្នករាល់គ្នា។