លេវី‌វិន័យ 25:33-47 Khmer Standard Version (KHSV)

33. ទោះ​បី​អ្នក​ទិញ​ផ្ទះ​នោះ​ជា​ពួក​លេវី​ក្ដី នៅ​ឆ្នាំ​មេត្តា​ករុណា ផ្ទះ​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ ដ្បិត​ផ្ទះ​ដែល​ស្ថិត​នៅ​ក្រុង​របស់​ពួក​លេវី​ជា​កម្មសិទ្ធិ​របស់​ពួក​គេ នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

34. រីឯ​ស្រែ​ចម្ការ​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ រហូត​ត​ទៅ»។

35. «ពេល​បង‌ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ និង​ខ្វះ​ខាត ទោះ​បី​អ្នក​នោះ​ជា​ជន​បរ‌ទេស ឬ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន​ក្ដី អ្នក​ត្រូវ​តែ​ជួយ​គេ ដើម្បី​ឲ្យ​គេ​អាច​រស់​នៅ​ក្បែរ​អ្នក​ត​ទៅ​មុខ​ទៀត។

36. កុំ​យក​ការ​ប្រាក់ ឬ​ចង់​បាន​សគុណ​អ្វី​ពី​គេ​ឡើយ ធ្វើ​ដូច្នេះ អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក ហើយ​ទុក​ឲ្យ​បង‌ប្អូន​នោះ​រស់​នៅ​ជា​មួយ​អ្នក។

37. បើ​អ្នក​នោះ​ខ្ចី​ប្រាក់ កុំ​គិត​ការ​ប្រាក់​ឲ្យ​សោះ ហើយ​បើ​អ្នក​ឲ្យ​អាហារ​ទៅ​គេ កុំ​ចង់​បាន​សគុណ​អ្វី​ឡើយ។

38. យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ស្រុក​កាណាន​នេះ​ឲ្យ​អ្នក​រាល់​គ្នា និង​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

39. ពេល​បង‌ប្អូន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ ហើយ​មក​សុំ​លក់​ខ្លួន​បម្រើ​អ្នក មិន​ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។

40. ត្រូវ​ឲ្យ​គេ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​អ្នក​បម្រើ ឬ​ដូច​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន។ គេ​ត្រូវ​នៅ​ធ្វើ​ការ​ជា​មួយ​អ្នក រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។

41. ពេល​នោះ គេ និង​កូន​ចៅ​របស់​គេ​អាច​ចាក​ចេញ​ពី​ផ្ទះ​អ្នក វិល​ត្រឡប់​ទៅ​នៅ​ក្នុង​អំបូរ និង​ក្នុង​ទឹក​ដី​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ

42. ដ្បិត​អស់​អ្នក​ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​យើង ហេតុ​នេះ មិន​ត្រូវ​លក់​ពួក​គេ​ដូច​លក់​ទាសករ​ឡើយ។

43. កុំ​ជិះ‌ជាន់​ធ្វើ​បាប​ពួក​គេ​ឲ្យ​សោះ ធ្វើ​ដូច្នេះ ទើប​អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។

44. ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បម្រើ​ប្រុស​ស្រី ត្រូវ​ទិញ​ពួក​គេ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា។

45. អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បម្រើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ ដែល​កើត​ក្នុង​ស្រុក​នេះ មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក។

46. អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ‌ជាន់​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​បង‌ប្អូន​របស់​ខ្លួន​ឡើយ។

47. ប្រសិន​បើ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​អ្នក ជា​អ្នក​មាន ហើយ​ប្រសិន​បើ​មាន​បង‌ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ លក់​ខ្លួន​ទៅ​ឲ្យ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន ឬ​លក់​ខ្លួន​ឲ្យ​ពូជ‌ពង្ស​របស់​ជន​បរ‌ទេស​នោះ

លេវី‌វិន័យ 25