លេវី‌វិន័យ 25:15-28 Khmer Standard Version (KHSV)

15. ពេល​ទិញ​ដី​ពី​ជន​រួម​ជាតិ​របស់​អ្នក ត្រូវ​គិត​តម្លៃ​ចាប់​ពី​ឆ្នាំ​មេត្តា​ករុណា​ទៅ ហើយ​គេ​ត្រូវ​លក់​ឲ្យ​អ្នក​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ ដែល​អ្នក​អាច​ច្រូត​យក​ផល​បាន រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។

16. ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា អ្នក​អាច​លក់​ដី​នោះ​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ​ទេ នោះ​ត្រូវ​បញ្ចុះ​តម្លៃ ដោយ​គិត​ដល់​ចំនួន​ឆ្នាំ​ដែល​អាច​ច្រូត​កាត់​នៅ​សល់​តិច។

17. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា កេង‌ប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

18. ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ចូរ​ធ្វើ​តាម​វិន័យ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។

19. ដី​នឹង​ផ្ដល់​ភោគ‌ផល អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។

20. ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ តើ​ពួក​យើង​នឹង​បាន​អ្វី​បរិភោគ បើ​ពួក​យើង​មិន​សាប​ព្រោះ មិន​ច្រូត​កាត់​ដូច្នេះ!”។

21. នៅ​ឆ្នាំ​ទី​ប្រាំ​មួយ យើង​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគ‌ផល​គ្រប់​គ្រាន់​សម្រាប់​បី​ឆ្នាំ។

22. អ្នក​រាល់​គ្នា​សាប​ព្រោះ​សា​ជា​ថ្មី នៅ​ឆ្នាំ​ទី​ប្រាំ‌បី តែ​អ្នក​រាល់​គ្នា​បរិភោគ‌ផល​ដែល​ប្រមូល​បាន​ពី​មុន រហូត​ដល់​ឆ្នាំ​ទី​ប្រាំ‌បួន។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ‌ផល​ចាស់ រហូត​ទាល់​តែ​បាន​ទទួល​ភោគ‌ផល​ថ្មី។

23. អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្ដាច់​ឲ្យ​គេ​រហូត​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរ‌ទេស ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​លើ​ដី​របស់​យើង។

24. នៅ​ក្នុង​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក ត្រូវ​បង្កើត​ឲ្យ​មាន​ច្បាប់​លោះ​ដី។

25. ប្រសិន​បើ​បង‌ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​មួយ​ចំណែក​របស់​ខ្លួន អ្នក​ដែល​មាន​សិទ្ធិ​លោះ​ដី គឺ​សាច់‌ញាតិ​ដ៏​ជិត‌ដិត ត្រូវ​មក​លោះ​យក​ដី​ដែល​បង‌ប្អូន​នោះ​លក់។

26. ប្រសិន​បើ​អ្នក​នោះ​គ្មាន​សាច់‌ញាតិ​មក​លោះ​យក​ដី​ទេ ហើយ​ប្រសិន​បើ​គាត់​ធូរ‌ធារ​អាច​លោះ​ដី​នោះ​ដោយ​ខ្លួន​ឯង​បាន

27. គាត់​ត្រូវ​រាប់​ចំនួន​ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ខ្លួន​បាន​លក់​ដី​នោះ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា រួច​បង់​ប្រាក់​ទៅ​ឲ្យ​អ្នក​ទិញ​តាម​ចំនួន​ឆ្នាំ​ទាំង​នោះ ហើយ​កាន់​កាប់​ទឹក​ដី​របស់​ខ្លួន​វិញ។

28. ប្រសិន​បើ​គេ​គ្មាន​ប្រាក់​លោះ​ដី​នោះ​ទេ ដី​នោះ​ត្រូវ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ដី​នោះ ហើយ​ម្ចាស់​ដី​អាច​វិល​មក​កាន់​កាប់​ដី​របស់​ខ្លួន​វិញ។

លេវី‌វិន័យ 25