14. ប្រសិនបើអ្នករាល់គ្នាលក់ ឬទិញអ្វី ពីជនរួមជាតិរបស់អ្នករាល់គ្នា មិនត្រូវកេងបន្លំគេឡើយ។
15. ពេលទិញដីពីជនរួមជាតិរបស់អ្នក ត្រូវគិតតម្លៃចាប់ពីឆ្នាំមេត្តាករុណាទៅ ហើយគេត្រូវលក់ឲ្យអ្នកដោយគិតតម្លៃតាមចំនួនឆ្នាំ ដែលអ្នកអាចច្រូតយកផលបាន រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។
16. ប្រសិនបើនៅសល់ច្រើនឆ្នាំមុននឹងដល់ឆ្នាំមេត្តាករុណា អ្នកអាចលក់ដីនោះថ្លៃ តែបើនៅសល់តិចឆ្នាំទេ នោះត្រូវបញ្ចុះតម្លៃ ដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។
17. មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា កេងប្រវ័ញ្ចជនរួមជាតិរបស់ខ្លួនឡើយ ធ្វើដូច្នេះបានសេចក្ដីថា អ្នកគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
18. ចូរប្រតិបត្តិតាមច្បាប់របស់យើង ចូរធ្វើតាមវិន័យរបស់យើង នោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
19. ដីនឹងផ្ដល់ភោគផល អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
20. ប្រសិនបើអ្នករាល់គ្នាពោលថា “នៅឆ្នាំទីប្រាំពីរ តើពួកយើងនឹងបានអ្វីបរិភោគ បើពួកយើងមិនសាបព្រោះ មិនច្រូតកាត់ដូច្នេះ!”។
21. នៅឆ្នាំទីប្រាំមួយ យើងនឹងឲ្យពរអ្នករាល់គ្នា គឺក្នុងឆ្នាំនោះ អ្នករាល់គ្នានឹងទទួលភោគផលគ្រប់គ្រាន់សម្រាប់បីឆ្នាំ។
22. អ្នករាល់គ្នាសាបព្រោះសាជាថ្មី នៅឆ្នាំទីប្រាំបី តែអ្នករាល់គ្នាបរិភោគផលដែលប្រមូលបានពីមុន រហូតដល់ឆ្នាំទីប្រាំបួន។ អ្នករាល់គ្នាត្រូវបរិភោគផលចាស់ រហូតទាល់តែបានទទួលភោគផលថ្មី។
23. អ្នករាល់គ្នាមិនអាចលក់ដីផ្ដាច់ឲ្យគេរហូតទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្ដោះអាសន្នលើដីរបស់យើង។
24. នៅក្នុងស្រុកទាំងមូលដែលអ្នករាល់គ្នាចូលទៅចាប់យក ត្រូវបង្កើតឲ្យមានច្បាប់លោះដី។
25. ប្រសិនបើបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់ញាតិដ៏ជិតដិត ត្រូវមកលោះយកដីដែលបងប្អូននោះលក់។
26. ប្រសិនបើអ្នកនោះគ្មានសាច់ញាតិមកលោះយកដីទេ ហើយប្រសិនបើគាត់ធូរធារអាចលោះដីនោះដោយខ្លួនឯងបាន
27. គាត់ត្រូវរាប់ចំនួនឆ្នាំ ចាប់ពីឆ្នាំដែលខ្លួនបានលក់ដីនោះ រហូតដល់ឆ្នាំមេត្តាករុណា រួចបង់ប្រាក់ទៅឲ្យអ្នកទិញតាមចំនួនឆ្នាំទាំងនោះ ហើយកាន់កាប់ទឹកដីរបស់ខ្លួនវិញ។
28. ប្រសិនបើគេគ្មានប្រាក់លោះដីនោះទេ ដីនោះត្រូវនៅជាកម្មសិទ្ធិរបស់អ្នកទិញ រហូតដល់ឆ្នាំមេត្តាករុណា។ នៅឆ្នាំមេត្តាករុណា អ្នកទិញត្រូវចាកចេញពីដីនោះ ហើយម្ចាស់ដីអាចវិលមកកាន់កាប់ដីរបស់ខ្លួនវិញ។
29. ប្រសិនបើនរណាម្នាក់លក់ផ្ទះរបស់ខ្លួននៅក្នុងក្រុងមួយដែលមានកំពែង គេមានសិទ្ធិលោះយកផ្ទះនោះមកវិញ ក្នុងអំឡុងមួយឆ្នាំក្រោយពេលលក់ គឺគេមានសិទ្ធិលោះក្នុងរយៈពេលមួយឆ្នាំ។