លេវី‌វិន័យ 25:10-22 Khmer Standard Version (KHSV)

10. អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​ទី​ហា‌សិប​នោះ​ជា​ឆ្នាំ​ដ៏‌វិសុទ្ធ ត្រូវ​ប្រកាស​សេរី‌ភាព​នៅ​ក្នុង​ស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា​ករុណា”។ ពេល​នោះ ម្នាក់ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួប‌ជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។

11. ឆ្នាំ​ទី​ហា‌សិប ជា​ឆ្នាំ​មេត្តា​ករុណា​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ ឬ​ច្រូត​កាត់​ភោគ‌ផល​ដុះ​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី កាល​ពី​រដូវ​ចម្រូត​មុន​ឡើយ ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ ដែល​អ្នក​រាល់​គ្នា​ទុក​ចោល​នោះ​ដែរ។

12. អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​មេត្តា​ករុណា​ជា​ឆ្នាំ​សក្ការៈ។ អ្នក​រាល់​គ្នា​នឹង​បរិភោគ​អ្វីៗ​ដែល​ដុះ​នៅ​ក្នុង​ចម្ការ។

13. នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​រាល់​គ្នា​អាច​វិល​ទៅ​កាន់​កាប់​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។

14. ប្រសិន​បើ​អ្នក​រាល់​គ្នា​លក់ ឬ​ទិញ​អ្វី ពី​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​កេង​បន្លំ​គេ​ឡើយ។

15. ពេល​ទិញ​ដី​ពី​ជន​រួម​ជាតិ​របស់​អ្នក ត្រូវ​គិត​តម្លៃ​ចាប់​ពី​ឆ្នាំ​មេត្តា​ករុណា​ទៅ ហើយ​គេ​ត្រូវ​លក់​ឲ្យ​អ្នក​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ ដែល​អ្នក​អាច​ច្រូត​យក​ផល​បាន រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។

16. ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា អ្នក​អាច​លក់​ដី​នោះ​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ​ទេ នោះ​ត្រូវ​បញ្ចុះ​តម្លៃ ដោយ​គិត​ដល់​ចំនួន​ឆ្នាំ​ដែល​អាច​ច្រូត​កាត់​នៅ​សល់​តិច។

17. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា កេង‌ប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

18. ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ចូរ​ធ្វើ​តាម​វិន័យ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។

19. ដី​នឹង​ផ្ដល់​ភោគ‌ផល អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។

20. ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ តើ​ពួក​យើង​នឹង​បាន​អ្វី​បរិភោគ បើ​ពួក​យើង​មិន​សាប​ព្រោះ មិន​ច្រូត​កាត់​ដូច្នេះ!”។

21. នៅ​ឆ្នាំ​ទី​ប្រាំ​មួយ យើង​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគ‌ផល​គ្រប់​គ្រាន់​សម្រាប់​បី​ឆ្នាំ។

22. អ្នក​រាល់​គ្នា​សាប​ព្រោះ​សា​ជា​ថ្មី នៅ​ឆ្នាំ​ទី​ប្រាំ‌បី តែ​អ្នក​រាល់​គ្នា​បរិភោគ‌ផល​ដែល​ប្រមូល​បាន​ពី​មុន រហូត​ដល់​ឆ្នាំ​ទី​ប្រាំ‌បួន។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ‌ផល​ចាស់ រហូត​ទាល់​តែ​បាន​ទទួល​ភោគ‌ផល​ថ្មី។

លេវី‌វិន័យ 25