លេវី‌វិន័យ 25:1-7 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ថា៖

2. «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ហើយ រៀង​រាល់​ប្រាំ‌ពីរ​ឆ្នាំ ចូរ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​មួយ​ឆ្នាំ ដែល​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះ‌អម្ចាស់។

3. ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​ថែ​ទាំ​ចម្ការ​ទំពាំង‌បាយជូរ និង​បេះ​យក​ផ្លែ​បាន។

4. ប៉ុន្តែ ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​សប្ប័ទ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​មិន​ត្រូវ​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចម្ការ​ទំពាំង‌បាយជូរ​ដែរ។

5. អ្នក​មិន​ត្រូវ​ច្រូត​យក​ផល​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី​កាល​ពី​រដូវ​ចម្រូត​មុន ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ពី​ដើម​ដែល​អ្នក​ទុក​ចោល​នោះ​ដែរ ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ទាំង​ស្រុង។

6. ទោះ​បី​ដី​ទំនេរ​នៅ​ឆ្នាំ​សប្ប័ទ​នោះ​ក៏​ដោយ ក៏​នៅ​តែ​ផ្ដល់​អាហារ​គ្រប់​គ្រាន់​ដល់​អ្នក និង​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក ព្រម​ទាំង​កូន​ឈ្នួល និង​មនុស្ស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក។

7. រីឯ​សត្វ​ពាហនៈ និង​សត្វ​ព្រៃ​នៅ​ក្នុង​ស្រុក​របស់​អ្នក ក៏​ទទួល​ភោគ‌ផល​ពី​ដី​ជា​ចំណី​ដែរ»។

លេវី‌វិន័យ 25