11. កូនប្រុសរបស់ស្ត្រីនោះបានប្រមាថព្រះនាមព្រះជាម្ចាស់ ព្រមទាំងដាក់បណ្ដាសាព្រះអង្គទៀតផង។ គេក៏នាំអ្នកនោះមកជួបលោកម៉ូសេ។ ម្ដាយរបស់អ្នកនោះឈ្មោះនាងសឡូមីត ជាកូនរបស់ឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
12. គេបានឃុំអ្នកនោះទុក រហូតដល់បានទទួលបញ្ជាពីព្រះអម្ចាស់។
13. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
14. «ចូរយកអ្នកប្រមាថយើងចេញពីជំរំ។ អស់អ្នកដែលដឹងឮ ត្រូវដាក់ដៃពីលើក្បាលអ្នកនោះ ហើយសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់វាទៅ។
15. ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: អ្នកណាដាក់បណ្ដាសាព្រះរបស់ខ្លួន អ្នកនោះត្រូវទទួលទោស ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។
16. អ្នកណាប្រមាថព្រះនាមព្រះអម្ចាស់ អ្នកនោះមានទោសដល់ស្លាប់។ សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវយកដុំថ្មគប់សម្លាប់មនុស្សបែបនេះ ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្ដី គេត្រូវតែស្លាប់ ព្រោះគេបានប្រមាថព្រះនាមព្រះអម្ចាស់។
17. អ្នកណាវាយមនុស្សម្នាក់រហូតដល់បាត់បង់ជីវិត អ្នកនោះនឹងមានទោសដល់ស្លាប់។
18. អ្នកណាវាយសត្វមួយរហូតដល់ងាប់ អ្នកនោះត្រូវយកសត្វរស់ប្រភេទដដែលនោះមកសងវិញ។
19. អ្នកណាធ្វើឲ្យជនរួមជាតិរបស់ខ្លួនមានរបួសត្រង់កន្លែងណាមួយ ត្រូវធ្វើឲ្យអ្នកនោះរបួសត្រង់កន្លែងនោះដែរ
20. គឺបើអ្នកនោះធ្វើឲ្យគេបាក់ដៃបាក់ជើង ត្រូវបំបាក់ដៃបំបាក់ជើងអ្នកនោះវិញ បើវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកម្ខាងវិញ បើវាយគេបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះឲ្យបាក់ធ្មេញមួយដែរ។ ត្រូវធ្វើឲ្យអ្នកនោះរបួសដូចគេបានធ្វើឲ្យអ្នកដទៃរបួស។