10. មានស្ត្រីម្នាក់ជាជនជាតិអ៊ីស្រាអែល មានប្ដីជនជាតិអេស៊ីប ហើយបានកូនប្រុសមួយ។ កូនប្រុសនោះចេញទៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយឈ្លោះគ្នាជាមួយជនជាតិអ៊ីស្រាអែល នៅក្នុងជំរំ។
11. កូនប្រុសរបស់ស្ត្រីនោះបានប្រមាថព្រះនាមព្រះជាម្ចាស់ ព្រមទាំងដាក់បណ្ដាសាព្រះអង្គទៀតផង។ គេក៏នាំអ្នកនោះមកជួបលោកម៉ូសេ។ ម្ដាយរបស់អ្នកនោះឈ្មោះនាងសឡូមីត ជាកូនរបស់ឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
12. គេបានឃុំអ្នកនោះទុក រហូតដល់បានទទួលបញ្ជាពីព្រះអម្ចាស់។
13. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
14. «ចូរយកអ្នកប្រមាថយើងចេញពីជំរំ។ អស់អ្នកដែលដឹងឮ ត្រូវដាក់ដៃពីលើក្បាលអ្នកនោះ ហើយសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់វាទៅ។
15. ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: អ្នកណាដាក់បណ្ដាសាព្រះរបស់ខ្លួន អ្នកនោះត្រូវទទួលទោស ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។
16. អ្នកណាប្រមាថព្រះនាមព្រះអម្ចាស់ អ្នកនោះមានទោសដល់ស្លាប់។ សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវយកដុំថ្មគប់សម្លាប់មនុស្សបែបនេះ ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្ដី គេត្រូវតែស្លាប់ ព្រោះគេបានប្រមាថព្រះនាមព្រះអម្ចាស់។
17. អ្នកណាវាយមនុស្សម្នាក់រហូតដល់បាត់បង់ជីវិត អ្នកនោះនឹងមានទោសដល់ស្លាប់។
18. អ្នកណាវាយសត្វមួយរហូតដល់ងាប់ អ្នកនោះត្រូវយកសត្វរស់ប្រភេទដដែលនោះមកសងវិញ។
19. អ្នកណាធ្វើឲ្យជនរួមជាតិរបស់ខ្លួនមានរបួសត្រង់កន្លែងណាមួយ ត្រូវធ្វើឲ្យអ្នកនោះរបួសត្រង់កន្លែងនោះដែរ
20. គឺបើអ្នកនោះធ្វើឲ្យគេបាក់ដៃបាក់ជើង ត្រូវបំបាក់ដៃបំបាក់ជើងអ្នកនោះវិញ បើវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកម្ខាងវិញ បើវាយគេបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះឲ្យបាក់ធ្មេញមួយដែរ។ ត្រូវធ្វើឲ្យអ្នកនោះរបួសដូចគេបានធ្វើឲ្យអ្នកដទៃរបួស។
21. អ្នកណាវាយសម្លាប់សត្វមួយក្បាល ត្រូវឲ្យអ្នកនោះយកសត្វមួយក្បាលមកសងវិញ តែអ្នកណាវាយសម្លាប់មនុស្សម្នាក់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។
22. ត្រូវមានក្រឹត្យវិន័យតែមួយ សម្រាប់ជនបរទេស និងម្ចាស់ស្រុក ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
23. លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែល។ គេក៏នាំគ្នាយកអ្នកប្រមាថព្រះជាម្ចាស់ចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជនជាតិអ៊ីស្រាអែលធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។