1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ឲ្យយកប្រេងអូលីវដ៏ល្អបំផុត មកសម្រាប់ដុត ដើម្បីឲ្យចង្កៀងនៅឆេះរហូត។
3. អើរ៉ុនត្រូវតម្កល់ចង្កៀងក្នុងពន្លាជួបព្រះអម្ចាស់ ខាងមុខវាំងនននៃបន្ទប់ដែលគេតម្កល់ហិបនៃសន្ធិសញ្ញា ហើយទុកឲ្យចង្កៀងនោះឆេះរហូត តាំងពីល្ងាចទល់ព្រឹក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ។
4. អើរ៉ុនត្រូវរៀបចង្កៀងទាំងអស់ នៅលើជើងចង្កៀង ដែលធ្វើពីមាសសុទ្ធ ដូច្នេះ ចង្កៀងឆេះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជានិច្ច។
5. ចូរយកម្សៅម៉ដ្ដដប់ពីរគីឡូក្រាមមកធ្វើនំចំនួនដប់ពីរ
6. រួចតម្កល់នំទាំងនោះជាពីរជួរ លើតុធ្វើពីមាសសុទ្ធ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងមួយជួរៗមាននំប្រាំមួយ។
7. ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំប៉័ងទាំងនោះ ទុកជាទីរំឭក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។