1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ឲ្យយកប្រេងអូលីវដ៏ល្អបំផុត មកសម្រាប់ដុត ដើម្បីឲ្យចង្កៀងនៅឆេះរហូត។
3. អើរ៉ុនត្រូវតម្កល់ចង្កៀងក្នុងពន្លាជួបព្រះអម្ចាស់ ខាងមុខវាំងនននៃបន្ទប់ដែលគេតម្កល់ហិបនៃសន្ធិសញ្ញា ហើយទុកឲ្យចង្កៀងនោះឆេះរហូត តាំងពីល្ងាចទល់ព្រឹក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ។
4. អើរ៉ុនត្រូវរៀបចង្កៀងទាំងអស់ នៅលើជើងចង្កៀង ដែលធ្វើពីមាសសុទ្ធ ដូច្នេះ ចង្កៀងឆេះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជានិច្ច។
5. ចូរយកម្សៅម៉ដ្ដដប់ពីរគីឡូក្រាមមកធ្វើនំចំនួនដប់ពីរ
6. រួចតម្កល់នំទាំងនោះជាពីរជួរ លើតុធ្វើពីមាសសុទ្ធ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងមួយជួរៗមាននំប្រាំមួយ។
7. ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំប៉័ងទាំងនោះ ទុកជាទីរំឭក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
8. រៀងរាល់ថ្ងៃសប្ប័ទ* ជនជាតិអ៊ីស្រាអែលត្រូវយកនំប៉័ងមកតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជានិច្ច ស្របតាមសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេររហូតតទៅ។
9. នំប៉័ងទាំងនោះត្រូវបានទៅលើអើរ៉ុន និងកូនៗរបស់គាត់។ ពួកគេបរិភោគនំប៉័ងទាំងនោះនៅក្នុងកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុតយកចេញពីតង្វាយដែលគេដុត នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយបានជាចំណែករបស់ពួកគេរហូតតទៅ»។
10. មានស្ត្រីម្នាក់ជាជនជាតិអ៊ីស្រាអែល មានប្ដីជនជាតិអេស៊ីប ហើយបានកូនប្រុសមួយ។ កូនប្រុសនោះចេញទៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយឈ្លោះគ្នាជាមួយជនជាតិអ៊ីស្រាអែល នៅក្នុងជំរំ។
11. កូនប្រុសរបស់ស្ត្រីនោះបានប្រមាថព្រះនាមព្រះជាម្ចាស់ ព្រមទាំងដាក់បណ្ដាសាព្រះអង្គទៀតផង។ គេក៏នាំអ្នកនោះមកជួបលោកម៉ូសេ។ ម្ដាយរបស់អ្នកនោះឈ្មោះនាងសឡូមីត ជាកូនរបស់ឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
12. គេបានឃុំអ្នកនោះទុក រហូតដល់បានទទួលបញ្ជាពីព្រះអម្ចាស់។