9. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
10. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្ដាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនបូជាចារ្យ។
11. នៅថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ* បូជាចារ្យត្រូវលើកកណ្ដាប់ស្រូវនេះថ្វាយព្រះអម្ចាស់ ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យទទួលយកពីអ្នករាល់គ្នា។
12. នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ ត្រូវថ្វាយកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់
13. ព្រមទាំងយកម្សៅម៉ដ្ដពីរភាគដប់នៃអេផា*លាយជាមួយប្រេង មកថ្វាយជាមួយកូនចៀមនោះ ជាតង្វាយដុត មានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ចូរយកស្រាទំពាំងបាយជូរមួយភាគបួននៃហ៊ីន* មកថ្វាយសម្រាប់ពិធីច្រួចស្រាដែរ។
14. អ្នករាល់គ្នាអាចបរិភោគនំប៉័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នានាំយកតង្វាយមកថ្វាយព្រះរបស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
15. ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ គឺថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។
16. អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទទីប្រាំពីរ ថ្ងៃនោះត្រូវយកតង្វាយពីស្រូវថ្មីមកថ្វាយព្រះអម្ចាស់។
17. អ្នករាល់គ្នាត្រូវយកនំប៉័ងពីរដុំពីផ្ទះរបស់អ្នករាល់គ្នា មកថ្វាយព្រះអម្ចាស់។ ត្រូវប្រើម្សៅម៉ដ្ដពីរភាគដប់នៃអេផាដុតជាមួយមេនំប៉័ង សម្រាប់ធ្វើជានំប៉័ងដំបូងបង្អស់ ថ្វាយព្រះអម្ចាស់។
18. អ្នករាល់គ្នាត្រូវយកកូនចៀមប្រាំពីរអាយុមួយខួបល្អឥតខ្ចោះ គោស្ទាវមួយ និងចៀមឈ្មោលពីរ ថែមពីលើនំប៉័ងនេះ ថ្វាយព្រះអម្ចាស់ជាតង្វាយដុតទាំងមូល ព្រមទាំងយកម្សៅ និងស្រាទំពាំងបាយជូរសម្រាប់ពិធីច្រួចស្រា មកថ្វាយជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
19. អ្នករាល់គ្នាត្រូវថ្វាយពពែឈ្មោលមួយ ជាយញ្ញបូជារំដោះបាប ព្រមទាំងកូនចៀមពីរអាយុមួយខួប ជាយញ្ញបូជាមេត្រីភាព។
20. បូជាចារ្យលើកសត្វទាំងនោះ ព្រមទាំងនំប៉័ងដែលជាផលដំបូង និងកូនចៀមទាំងពីរ ថ្វាយព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវថ្វាយជាតង្វាយដ៏សក្ការៈដល់ព្រះអម្ចាស់ ហើយប្រគល់ជូនបូជាចារ្យ។