38. ក្រៅពីធ្វើបុណ្យសប្ប័ទរបស់ព្រះអម្ចាស់ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយថ្វាយតង្វាយសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើតង្វាយផ្សេងៗ តង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយដល់ព្រះអម្ចាស់។
39. នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុកចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។
40. នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយចំនួនប្រាំពីរថ្ងៃ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
41. រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។
42. អ្នករាល់គ្នាត្រូវរស់នៅក្នុងបារាំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំនោះ
43. ដើម្បីឲ្យកូនរបស់អ្នករាល់គ្នាដឹងថា ពេលយើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប យើងបានឲ្យគេរស់ក្នុងបារាំ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
44. លោកម៉ូសេរៀបរាប់ប្រាប់ជនជាតិអ៊ីស្រាអែលអំពីរបៀបធ្វើពិធីបុណ្យដ៏សំខាន់ៗ សម្រាប់លើកតម្កើងព្រះអម្ចាស់។